ក្រោយ​អាមេរិក​ដក​ទាហាន​ចេញ ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដល់ពេល​ចិន​ចូលទៅ​វិញ​ម្តង​

​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានប្រកាសថា បេសកកម្ម​យោធា​អាមេរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា​ខាងមុខនេះ ពោល​គឺមាន​រយៈពេល​ជិត ២០​ឆ្នាំ​បន្ទាប់ពី​វា​បានចាប់ផ្ដើម​។ លោក បៃ​ដិ​ន បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថា​មួយ នៅឯ​សេត​វិមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា យោធា​អាមេរិក​បាន «​សម្រេច​គោលដៅ​» របស់ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​សម្លាប់​អតីត​មេដឹកនាំ​ក្រុម​ភេ​វរ​ករ​អាល់​កៃ​ដា លោក អូ​សា​ម៉ា ប៊ិន ឡា​ដិ​ន (Osama bin Laden) និង​បាន​រារាំង​ការវាយប្រហារ​បន្ថែមទៀត ទៅលើ​សហរដ្ឋអាមេរិក​ទៅហើយ​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​កម្លាំង​ទាហាន​តា​លី​បង់ លោក Suhail Shaheen បាន​ឲ្យ​ដឹងថា ក្រុម​តា​លី​បង់ បានចាត់ទុក​ចិន គឺជា មិត្ត​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​សង្ឃឹមថា ទីក្រុង​ប៉េកាំង នឹង​ចុះ​កិច្ចព្រមព្រៀង វិនិយោគ​ដើម្បី​ស្តា​ប្រទេសជាតិ​ឡើងវិញ​។​

​នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ ជាមួយ​បណ្តាញ​ព័ត៌មាន This Week in Asia លោក Suhail បានប្រកាសថា ក្រុម​តា​លី​បង់ បាន​គ្រប់គ្រង ៨៥%​នៃ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ប្រសិនបើ​ក្រុម​វិនិយោគ​ចិន ក៏ដូចជា​កម្មករ​ចិន វិលត្រឡប់​មក​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ទទួលបាន​ការធានា​សន្តិសុខ​សុវត្ថិភាព ។​

​លោក Suhail បន្តទៀតថា​«​យើង​ស្វាគមន៍ ពួក​គត់ ប្រសិនបើ​ពួក​គត់​«​ចិន​»​មក​វិនិយោគ​នៅទីនេះ យើង​នឹង​ធានា​សន្តិសុខ​សុវត្ថិភាព ដល់​ពួក​គត់ ។ សុវត្ថិភាព​របស់​ពួក​គត់​គឺ​ពិតជា​រឿង​សំខាន់​សម្រាប់​ពួក​ខ្ញុំ​»​។​

​ជាមួយគ្នានេះដែរ ក្រុម​តា​លី​បង់ បានប្រកាសថា នឹងមិន​អនុញ្ញាតិ​ឲ្យ​ក្រុម​ជនជាតិ អ៊ុយ​ហ្គ័​រ ចូលមក​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះឡើយ​។ ជាមួយគ្នានេះ​ក្រុម​តា​លី​បង់ នឹង​ទប់ស្កាត់ ក្រុម​ភេរវកម្ម​អាល​កៃ​ដា និង​ក្រុម​ភេរវកម្ម​ផ្សេងទៀត​ធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close