វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤លានដូស ដែលកម្ពុជាបញ្ជាទិញពីចិន ដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

សូមជម្រាបថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់ដោយក្នុងនោះ៖

*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស

*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)

ចំនួន ៣,០០០,០០០ដូស

*ចុងខែ ខែកក្កដា ឆ្នាំ ២០២១

– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស

យោងតាមចំណារយល់ព្រមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន៦លានដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។

បើគិតត្រឹមថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧.៩៣%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close