សាឡង់ដឹកខ្សាច់ បុកទូកអ្នកនេសាទនៅជ្រោយចង្វាលិចទៅបាតទន្លេ
កាលពីម៉ោងប្រមាណជិត១រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកទូកអ្នកនេសាទជនជាតិខ្មែរអ៊ិស្លាមដាច់ជាពីរកំណាត់លិចបាត់ទៅក្នុងទន្លេសាប ប៉ុន្តែសំណាងមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវីតទេ។
ទូកនេសាទដែលសាឡង់បុកលិចនោះមានម្ចាស់ឈ្មោះ ស្មាន់ ខសិន ភេទប្រុស អាយុ៦០ឆ្នាំ (ត្រូវជាប្តី) និងប្រពន្ធឈ្មោះ លែប អាធីកាស អាយុ៦០ឆ្នាំ ព្រមទាំងកូនឈ្មោះ សារ គីរីន ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ម្ចាស់ទូករងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងក្រុមគ្រួសារមានគ្នា៣នាក់បានជិះទូកនេសាទមកពីលក់ត្រីនៅរាជធានីភ្នំពេញ ខណៈនោះស្រាប់តែមានសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកក្នុងទិសដៅពីត្បូងទៅជើង បានមកបុកទូករបស់ពួកគាត់យ៉ាងពេញទំហឹង បណ្តាលឱ្យលិចបាត់នៅក្នុងទន្លេតែម្តង។ នៅក្នុងហេតុការណ៍នោះដែរ អ្នកនេសាទរងគ្រោះទាំងនោះ បានលោតចេញហែលទឹកគេចពីគ្រោះថ្នាក់ ហើយភ្លាមៗនោះ ត្រូវបានទូកនេសាទជនជាតិខ្មែរអ៊ិស្លាមដូចគ្នាចេញទៅជួយសង្គ្រោះ ។
ភ្លាមនោះម្ចាស់ទូកនេសាទក៏ទាក់ទងទៅជនជាតិខ្មែរអ៊ិស្លាមដូចគ្នាប្រមាណជិត១០ទូកបាននាំគ្នាមកមុជទឹករាវរកទូកនោះអស់ប្រមាណ១ម៉ោងទើបរកឃើញតែមួយកំណាត់ និងម៉ាស៊ីនតែប៉ុណ្ណោះ ចំណែកមួយកំណាត់ទៀត និងសម្ភារៈរួមមានសំណាញ់ចំនួន២ដៃ និងលុយប្រមាណ៧ពាន់ដុល្លារបានលិចបាត់ក្នុងទន្លេមិនទាន់រកឃើញនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។