ក្បួន​ដង្ហែ​ជ័យលាភី​មេដាយមាស​ពី​កីឡា​អាស៊ី គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ត្រៀម​ទទួល​ម្ចាស់​ជ័យលាភី និង​ប្រតិភូ​កីឡា​កម្ពុជា នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ​មួយថ្ងៃ​ក្រោយ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ ។ បើតាម​ការអះអាង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្បួន​ដង្ហែ​នឹង​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ម៉ោង​១៧ និង​៣៥​នាទី ឆ្ពោះទៅ​វិមាន​សន្តិភាព ជាមួយនឹង​ម៉ូតូ​កិត្តិយស​អម​ចំនួន​៦​គ្រឿង​។​

​សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ ដែល​ប្រព្រឹត្តធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បច្ចុប្បន្ន​កម្ពុជា​បានឈ្នះ​មេដាយមាស​ចំនួន​២ និង​សំរិត​ចំនួន​១​។ ក្នុងនោះ កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Newaza ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​នៃ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ី (Jiu-Jitsu) មុន​ពេលដែល​កីឡាករ​ម៉ូតូ​ទឹក (JetSki) សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock​។​

​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​កាលពី​ឆ្នាំ​២០១៣ ជ័យលាភី​មេដាយមាស ខាន់ ចេ​សា និង សាលី អ៊ូ​មើ​ត នឹង​ទទួលបាន​ប្រាក់រង្វាន់​ម្នាក់ៗ​ចំនួន​៨០​លាន​រៀល ហើយ អ៊ូ​មើ​ត ទទួលបាន​២៤​លាន​រៀល​បន្ថែមទៀត​សម្រាប់​មេដាយ​សំរឹទ្ធ​។ គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក​ទាំង​២​ទទួល​ម្នាក់ៗ​៨០​លាន​រៀល រីឯ​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close