ព្រឹក​នេះ កម្ពស់​ទឹកទន្លេ​មេគង្គ ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ស្រក​ចុះ​មួយកម្រិត​មកវិញ​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម បាន​បន្ត​ស្រក​ចុះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ នេះ ។ រីឯ​ទន្លេបាសាក់​-​ចតុមុខ រាជធានី​ភ្នំពេញ និង​ទន្លេមេគង្គ​ក្រោម អ្នក​លឿង ខេត្តព្រៃវែង នៅតែ​បន្ត​ឡើង​បន្តិច ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា នេះ ទឹក​ស្ថិត​លើ​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ ចំណែក​ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​លួង ទឹក​បន្ត​ឡើង​បន្តិចបន្តួច​។​

​ក្រសួង​បញ្ជាក់ថា តាម​ការព្យាករណ៍​នៅ​ថ្ងៃទី​២៨-៣០ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ កម្ពស់​ទឹកទន្លេ​មេគង្គ​-​ស្ទឹងត្រែង ក្រចេះ និង​នៅ​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម នឹង​បន្ត​ស្រក​ចុះ​។ ចំណែក​ទន្លេបាសាក់​-​ចតុមុខ ភ្នំពេញ ទឹក​បន្ត​ឡើង នៅ​ថ្ងៃទី​២៨-២៩ ខែសីហា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ទឹកនឹង​ស្រក​មកវិញ​។ ដោយឡែក នៅ​ទន្លេមេគង្គ​-​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង ទន្លេបាសាក់​-​កោះ​ខែល និង​ទន្លេសាប​-​ព្រែក​ក្តាម ក្នុង​រយៈពេល ៣ ថ្ងៃ គិតពី​ថ្ងៃទី​២៨-៣០ ខែសីហា ឆ្នាំ​២០១៨ ទឹកនឹង​បន្ត​ឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close