អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចសម្រេចបានជិត៤០ភាគរយ
ខេត្តសៀមរាប៖ ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង។
លោកសារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាត របស់ប្រាសាទត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។
លោកបន្តថា ក្នុងដំណើរការជួសជុល ត្រូវបន្ថែមឥដ្ឋថ្មីប្រមាណពី២០ទៅ៣០ភាគរយ ជំនួសឥដ្ឋចាស់ដែលខូចខាត។ ដូច្នេះក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពីលក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀងនិងឥដ្ឋចាស់។
លោកបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលាចំនួន១ឆ្នាំ ទើបរួចរាល់ ដែលមកដល់ពេលនេះដំណើរការជួសជុលសម្រេចបានប្រមាណ៤០ភាគរយហើយ។ ដោយការងារនេះ ជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារចេញចូល ខែវស្សាត្រូវធ្វើដំណើរដោយទូកជាដើម។
លោកបានឱ្យដឹងទៀតថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ ដោយបានធ្វើការជួសជុលរៀបចំខឿន នៅបរិវេណជុំវិញតួរកណ្តាលនៃប្រាសាទនិងបានរកឃើញរូបចំលាក់មួយចំនួន យកទៅរក្សាទុកនៅអភិក្សដ្ឋានអង្គរ។
សូមបញ្ជាក់ថា ប្រាសាទត្រពាំងផុង មានទំហំខឿន០៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។