ស៊ីម៉ាក់ រកឃើញ​គ្រាប់បែកដៃ​មិនទាន់​ផ្ទុះ​ជាង ៣០០​គ្រាប់ នៅជាប់​របង​វិទ្យាល័យ ១០​មករា ១៩៧៩ ក្នុង​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ បន្ទាប់ពី​រកឃើញ​ជាង​៣០០​គ្រាប់ កាលពី​ថ្ងៃទី​១០ កក្កដា កន្លងទៅ​ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រុម​អ្នកជំនាញ​មជ្ឍមណ្ឌល​សកម្មភាព​កំចាត់មីន ហៅ​កាត់​ថា ស៊ីម៉ាក់ ” CMAC ” បាន​នឹង​កំពុង​បន្ត​ជីក​កកាយ និង​ប្រមូល​គ្រាប់បែកដៃ​មិនទាន់​ផ្ទុះ​បន្ថែមទៀត បន្ទាប់ពី​បាន​ប្រទះឃើញ​គ្រាប់​នោះ ប្រមាណ​ជាង​៣០០​គ្រាប់ នៅជាប់​របង​វិទ្យាល័យ ១០​មករា ១៩៧៩ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១០ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​យកទៅ​រក្សាទុក នៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប ដែលមាន​ចម្ងាយ​ប្រមាណ​ជិត ៣០​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប សម្រាប់​ត្រៀម​កម្ទេចចោល ។

​លោក អ៊ា​ន សុធា ប្រធាន​កងឯកភាព​កំចាត់មីន​ទី​៤ ប្រចាំ​ខេត្ដ​សៀមរាប និង​ខេត្ដ​កំពង់ធំ បាន​មានប្រសាសន៍ថា ចំពោះ​គ្រាប់បែកដៃ​ទាំងអស់នោះ មកទល់ពេលនេះ ក្រុមការងារ​បាន​ជីក​រកឃើញ​ជា​បន្តបន្ទាប់​ទៀតហើយ កាលពី​ថ្ងៃទី​១០ ខែកក្កដា បានឃើញ​ចំនួន ៣២៥​គ្រាប់ ម៉ាក (36 UK ) ផលិត​នៅ​ប្រទេស​អង់គ្លេស ដែល​គ្រាប់​ទាំងនេះ វា​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​មនុស្ស​ខ្លាំងណាស់ ប្រសិនបើ​យើង​មានការ​ប៉ះពាល់​ឬ​ធ្វើ​ជ្រុះ​ធ្លាក់​ទៅ​ដី​នោះ ហើយ​គ្រាប់បែកដៃ​ទាំងអស់នេះ គឺ​ត្រូវគេ​បាន​កប់​វា​ទុកចោល​ជាច្រើន​ឆ្នាំ​មកហើយ អាចជា​ចំណុចឃ្លាំង​គ្រាប់​មូ​យ​កន្លែង​នៅក្នុង​ក្រុង​សៀមរាប​ពីមុនមក ប៉ុន្ដែ លោក​មិនអាច​សន្និដ្ឋានថា បាន​កប់​ទុកចោល​នៅ​ឆ្នាំ​ណា ពី​ពេលណា​នោះទេ​។

​លោក​បាន​បញ្ជាក់ទៀតថា នៅ​ព្រឹក​នេះ ក្រុមការងារ​បាន​ជីក​កាយ​រកឃើញ​បន្ថែមទៀត​ប្រមាណ​ជាង ៣០​គ្រាប់​ហើយ ចំពោះ​ការរកឃើញ​គ្រាប់បែក​ដោយ​ចៃដន្យ​នោះ គឺ​ក្រុមការងារ​របស់​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប​បានរៀបចំ​បណ្តាញ​ខ្សែកាប​អ៊ុ​ប​ទិ​ក​ក្រោម​ដី កាលពី​ថ្ងៃទី​១០ ខែកក្កដា​កន្លងមក ប៉ុន្តែ​ពិត​សំណាង ដែល​ការកាយ​នេះ​មិន​ចំ​គ្រាប់បែក​នោះ បើសិនជា​ជីក​ប៉ះចំ​វាៗ អាច​នឹង​ផ្ទុះ​ភ្លាម​តែម្តង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close