សមាគម​ទេសចរណ៍​ធំៗ​ចំនួន ៦ រួមគ្នា​ថ្លែងអំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដាក់ចេញ​គោលនយោបាយ​ជួយ​ដល់​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​១៩

​ភ្នំពេញ​៖ តាមរយៈ​ក្រសួងទេសចរណ៍ សមាគម និង​សហព័ន្ធ​ធំៗ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៦ បាន​រួមគ្នា​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធាន​ការជួយ​ដល់​វិស័យ​ទេសចរណ៍​បាន​ទាល់​ពេលវេលា និង​ចំ​គោលដៅ ក្នុងអំលុងពេល​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុជា​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​ថា តំណាង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៦ រួមមាន សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) សហព័ន្ធ​ទេសចរណ៍​កម្ពុជា (CTF) សមាគម​ទេសចរណ៍​អា​ស៉ី​ប៉ា​ស៉ី​ហ្វិ​ក​កម្ពុជា (PATACC) សមាគម​សណ្ឋាគារ​កម្ពុជា (CHA) សមាគម​ភោជនីយដ្ឋាន​កម្ពុជា (CRA) និង​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា (CCS) បាន​សម្ដែង​នូវ​ការថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច និង​ស្តារ ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​

​ស្ដែង​ចេញពី​ទឹកចិត្ត​រឭក​ដឹងគុណ​នេះ តំណាង​សមាគម និង​សហព័ន្ធ​ទាំង ៦ ក៏បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធានការ​បាន​ទាល់​ពេលវេលា និង​ចំ​គោលដៅ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០ មកដល់​បច្ចុប្បន្ន សរុប​បាន​ចំនួន ៩ ជុំ​ហើយ ដែល​បាន​ជួយ​សម្រួល​បន្ទុក និង​ការលំបាក​របស់​អាជីវ​កម្ម​ទេសចរណ៍​ជាច្រើន​នៅ​ទូទាំងប្រទេស រួមទាំង​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩ នេះ​ផងដែរ​។​

​ជាការ​ពិតណាស់ នៅក្នុង​លិខិត​ថ្លែង​អំណរគុណ​របស់​តំណាង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ បាន​បញ្ជាក់ដែរថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការបង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ដោយបាន​ដាក់ចេញ​ផែនការមេ​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​គិត​ត្រឹម​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ (​ប្រមាណ ៩៩.៦៤%) បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ រួចរាល់ ហើយ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ក៏​បាននិងកំពុង​ទទួល​ការចាក់​វ៉ាក់សាំង​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕​
  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close