ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋធានីប៉េកាំង ប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរ
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតំបន់ជាច្រើនក្នុងរដ្ឋធានីប៉េកាំង ប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើចរាចរ ដោយសារតែផ្លូវថ្នល់មួយចំនួនបានលិច។ ជាមួយគ្នានេះ ជើងហោះហើររាប់រយត្រូវលុបចោល រីឯសាលារៀននិងកន្លែងទេសចរណ៍ទាំងឡាយ ត្រូវបិទទ្វារ នៅទីក្រុងប៉េកាំង ដោយសារតែ ការធ្លាក់ភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងក្លា នៅថ្ងៃចន្ទនេះ។
អាជ្ញាធរទីក្រុងប៉េកាំង បានចេញសេចក្តីព្រមាន ឲ្យប្រជាជនស្ថិតក្នុងផ្ទះ ខណៈរដ្ឋធានីចិន កំពុងប្រឈមនឹងព្យុះភ្លៀងធំបំផុត ក្នុងឆ្នាំ២០២១នេះ។ ជើងហោះហើរប្រហែល៧០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានចំនួន២កន្លែង របស់ទីក្រុងប៉េកាំង ខណៈសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យ ត្រូវបានបិទទ្វារ នៅថ្ងៃចន្ទនេះ។ មិនតែប៉ុណ្ណោះ កន្លែងទេសចរណ៍ល្បីៗនៅក្នុងទីក្រុង ក៏ត្រូវបានផ្អាកដំណើរការផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរឧតុនិយមចិន បានព្រមានពីការជន់លិចនៅតាមទន្លេចំនួន១៤ ទៀតផង។
គួរបញ្ជាក់ថា កំលុងរដូវភ្លៀងនៅប្រទេសចិន ជារឿយៗតែងមានការជន់លិច ដោយកាលពីខែសីហា ឆ្នាំ២០២០ ផ្លូវជាច្រើនខ្សែត្រូវបានទឹកជន់ហូរកាត់ផ្តាច់ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។