ត្មាត ១២១ក្បាលចុងក្រោយ ត្រូវបានកត់ត្រាក្នុងពេលជំរឿនសត្វត្មាតកម្ពុជា
ការធ្វើជំរឿនសត្វត្មាតកម្ពុជា ធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី១០ ខែមីនា, ថ្ងៃទី១០ ខែមិថុនា, ថ្ងៃទី២០ ខែមិថុនា, ថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី២០ ខែធ្នូ ជារៀងរាល់ឆ្នាំ។ កាលពីថ្ងៃទី២០ ខែមិនថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានធ្វើជំរឿងសត្វត្មាតទូទាំងប្រទេស នៅក្នុងទីតាំងអាហារដ្ឋានត្មាតចំនួន៤ គឺ អាហារដ្ឋានត្មាតស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង, អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ, អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌល់គិរី។
លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាវត្តមានសត្វត្មាតបានចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។ ដោយឡែកលទ្ធផលនៃការធ្វើជំរឿនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងាររាប់ឃើញសត្វត្មាតចំនួន៨២ក្បាល ក្នុងនោះមានត្មាតភ្លើង១៣ក្បាល ត្មាតផេះ៤២ក្បាល និងត្មាតត្នោត២៧ក្បាល។ ការអង្កេតតាមដានពីប្រជាសាសស៏សត្វត្មាត ដែលជិតផុតពូជនេះ និងបន្តធ្វើជារៀងរាល់ឆ្នាំដើម្បីតាមដាននិន្នាការប្រជាសាស្ត្រ និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិរក្ស។
សមាសភាពក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការជីវិតធម្មជាតិកម្ពុជា(NLC) ក្រុមហ៊ុន Rising Phoenix អង្គការCBGA ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។