សមត្ថកិច្ចឆ្មក់ ចូលបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ប្រមាណ១៧តោន នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ សរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ក្នុងផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
បង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយខាងលើ ក្រោមការដឹកនាំផ្ទាល់របស់លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបានសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែងផ្ទះ ដែលមានម្ចាស់ទីតាំងផលិតលោកស្រី សុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចរកឃើញទីតាំងនេះ បានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន: ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។