រុស្ស៊ី និង​ឥណ្ឌា បាន​ព្រមព្រៀងគ្នា​ផលិត​វ៉ាក់សាំង Sputnik V នៅក្នុង​រោងចក្រ​ប្រទេស​ឥណ្ឌា​

​រោងចក្រ​ផលិត​វ៉ាក់សាំង នៅក្នុង​ប្រទេស​ឥណ្ឌា គឺ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​ក្រុមហ៊ុន​ឱសថ​ជាច្រើន​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​ឥណ្ឌា ផលិត​វ៉ាក់សាំង​ជូន ។ នៅពេលនេះ​ឥណ្ឌា​ក៏​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ របស់​ក្រុមហ៊ុន AstraZeneca ដើម្បី​ចែកចាយ​នៅលើ​ពិភពលោក​។​

​ពេលនេះ​ដែរ មូលនិធិ​វិនិយោគ​ដោយផ្ទាល់​របស់​រុស្ស៊ី​ហៅ​កាត់​ថា RDIF (Russian Direct Investment Fund) នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​បានប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង ជាមួយ​វិទ្យាស្ថាន ស៊ឺ​រឹម (Serum Serum Institute) នៃ​ប្រទេស​ឥណ្ឌា ដើម្បី​ផលិត​វ៉ាក់សាំង COVID-19 Sputnik V ចំនួន ៣០០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន RDIF បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា «​ភាគី​ទាំងសងខាង​មានបំណង​ផលិត​វ៉ាក់សាំង Sputnik V ចំនួន ៣០០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​កញ្ចប់​វ៉ាក់សាំង​ដំបូង​គេ​ត្រូវបាន​រំពឹងថា នឹងត្រូវ​ចាប់ផ្ដើម​ផលិត​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ​»​។​

​គួរ​បញ្ជាក់ថា ការប្រកាស​ពី​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​ធ្វើឡើង ចំពេល​ឥណ្ឌា​កំពុង​បង្កើនល្បឿន នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ជូន​ប្រជាជន​ពេញវ័យ​របស់ខ្លួន ខណៈ​រុស្ស៊ី​វិញ​ក៏​កំពុង​បង្កើន​ការផ្គត់ផ្គង់​វ៉ាក់សាំង ឆ្លើយតប​ទៅនឹង​កំណើន នៃ​តម្រូវការ​នៅ​ជុំវិញ​ពិភពលោក​។ ទោះជា​បែបនេះ​ក្តី កន្លងមកនេះ​វ៉ាក់សាំង Sputnik V ដែល​ត្រូវបាន​ផលិត​ដោយ វិទ្យាស្ថាន​ផ្សេង​មួយទៀត​នៅ​ឥណ្ឌា ក៏ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់ នៅតាម​បណ្តា​ទីក្រុង​ចំនួន ៥០ រួចមកហើយ​ដែរ នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close