ក្រុម​ជញ្ជីង​ចល័ត​ក្រសួង​សាធារណៈការ ឆ្មក់​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទំងន់​លើផ្លូវ​ជាតិ​លេខ​១ រកឃើញ​រថយន្ត​១១​គ្រឿង ដឹក​លើស​ទំងន់

រថយន្ត​យី​ឌុប​ចំនួន​១១​គ្រឿង ត្រូវបាន​ក្រុម​ជញ្ជីង​ចល័ត របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ចាប់​ផាកពិន័យ ដោយសារតែ​រថយន្ត​ទាំងនោះ​ដឹក​លើស​ទំងន់​ដែល​ច្បាប់​អនុញ្ញាតិ​។​

​សកម្មភាព​ឆ្មក់​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទំងន់​នេះ បាន​ចាប់​ធ្វើឡើង​រយៈពេល​៣​ម៉ោង គឺ​ចាប់ពី​ម៉ោង​២​រសៀល រហូតដល់​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧​សីហា ម្សិលមិញ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​មន្ត្រី​ជំនាញ​ដែល​ចុះ​ប្រតិបត្តិការ​នេះ​បាន​ថ្លែងថា ក្នុង​រយៈពេល​៣​ម៉ោង​នេះ ក្រុម​ជញ្ជីង​ចល័ត​ចាប់​រថយន្ត​យី​ឌុប​ធំៗ​បាន​ចំនួន​១៤​គ្រឿង ក្នុងនោះ​ក្រោយពី​ថ្លឹង​ទំងន់​រួច​រកឃើញថា មាន​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដឹក​ថ្ម​ចំនួន​១២​គ្រឿង បាន​ដឹក​លើស​ទំងន់ ចំណែក​រថយន្ត​២​គ្រឿង​ផ្សេងទៀត ពុំបាន​ដឹក​លើស​ទំងន់​ទេ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​អនុញ្ញាតិ​អោយ បន្តដំណើរ​ទៅមុខ ដោយ​មិនបាន​ឃាត់ទុក ឬ​ផាកពិន័យ​អ្វី​ទេ​។​

ដោយឡែក រថយន្ត​ដែល​ដឹក​លើស​ទំងន់​១២​គ្រឿង ក្នុងនោះ​លើស​ទាប​បំផុត​៧​តោន និង​ខ្ពស់បំផុត​២៥​តោ​ត ត្រូវបាន​មន្ត្រី​ជំនាញ​ហៅ​ម្ចាស់​រថយន្ត​អោយធ្វើ​កិច្ចសន្យា និង​បង់​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ ព្រមទាំង​កាយ​ទំលាក់​ខ្សាច់​និង​ថ្ម​ចេញពី​រថយន្ត លែងអោយ​លើស​ទំងន់ ទើប​អនុញ្ញាតិ​អោយ​យក​រថយន្ត​ចេញទៅ​វិញ​បាន​។​

​គួរបញ្ជាក់​ផងដែរ​ថា សកម្មភាព​ឆ្មក់​ចេញ​ចាប់​រថយន្ត​ដឹក​លើស​ទំងន់​ទាំងនេះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ផងដែរ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះ​ក្រុម​រថយន្ត​ទាំងនោះ មិន​ត្រឹមតែ​ដឹក​លើស​ទំងន់​នោះទេ គឺ​គេ​ដាក់​ខ្សាច់​និង​ថ្ម​ហៀៗ​ទ្រុង ពេល​រត់​នៅលើ​ដងផ្លូវ​តែងតែ​ជ្រុះ​ខ្សាច់ ថ្ម​នៅតាម​ដងផ្លូវ ធ្វើអោយ​អ្នកដំណើរ​ដែល​បើក​តាម​ក្រោយ​មានការ​ព្រួយ​បារ​ម្ម​ណ៌​ជាខ្លាំង គឺ​ខ្លាច​ធ្លាក់​មក​ត្រូវ​ពួកគាត់ បណ្តាលអោយមាន​គ្រោះថ្នាក់​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close