ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មី ៧១នាក់ទៀត ខណៈអ្នកជំងឺ ៧៩នាក់ជាសះស្បើយ
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧១នាក់បន្ថែមទៀត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខណៈអ្នកជំងឹ ៧៩នាក់ បានព្យាបាលជាសះស្បើយ។
រដ្ឋាបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៤ ដល់ទី៣៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣៧ ដល់ទី៣៩ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។
ករណីទី៤០ ដល់ទី៤១ ជាករណីមានប្រភពចម្លងចេញពីផ្សារអង្គរជុំ, ករណីទី៤២ ករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី៤៣ ដល់ទី៤៧ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង។
ករណីទី៤៨ ដល់ទី៥០ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង, ករណីទី៥១ ដល់ទី៥៩ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ករណីទី៦០ ដល់ទី៧០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯករណីទី៧១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ដោយឡែកអ្នកដែលជាសះស្បើយទាំង ៧៩នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២,៧១១នាក់ បានព្យាបាលជាសះស្បើយចំនួន ១,០៦0នាក់ ស្លាប់ ២៦នាក់ និង ១,៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។