ប្រជាពលរដ្ឋ៥០គ្រួសារនៅស្រុកភ្នំព្រឹក ត្រូវជម្លៀសទាំងយប់ ក្រោយជំនន់ទឹកភ្លៀងវាយលុក
ចាប់ពីល្ងាចរហូត ដល់យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានភ្លៀងធ្លាក់មួយមេធំ នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀងលិចផ្ទះ និងខូចខាតសម្ភារមួយចំនួនរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិអូរធំ ឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ដ្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងថា ក្រោយកើតហេតុការណ៍គ្រោះធម្មជាតិនេះ កម្លាំងចម្រុះរបស់ស្រុកភ្នំព្រឹក បានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ នៅភូមិអូរធំឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ មួយចំនួន ដោយក្រុមការងារស្រុក ឃុំ ភូមិ ជម្រៀសមកទីទួលសុវត្ត្ថិភាពជាបណ្តោះសន្ន។
លោកបញ្ជាក់ថា ហេតុការណ៍ជំនន់ទឹកភ្លៀងនេះ គឺពុំបានបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋនោះឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។