អាជ្ញាធរ សម្រេចបិទផ្សារចាឈូក នៅស្រុកអង្គរជុំ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករជាង៥០នាក់
ខេត្តសៀមរាប៖ លោក លុក ផុស អភិបាលស្រុកអង្គរជុំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករនៅក្នុងផ្សារចាឈូកចំនួន ៥២នាក់រួចមក អាជ្ញាធរស្រុកអង្គរជុំ បានសម្រេចបិទផ្សារចារឈូកជាបណ្តោះអាសន្ន ចាប់តាំងពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១តទៅ ដើម្បីកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ-១៩ ។
លោកអភិបាលស្រុកអង្គរជុំ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៤ កក្កដា ម្សិលមិញ ក្រុមគ្រូពេទ្យបានសំណាកធ្វើតេស្តរកវិជ្ជមានកូវីដ-១៩ លើបងប្អូនជាអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥២នាក់ ក្នុងនោះបានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥២នាក់។
ហើយនៅព្រឹកនេះផងដែរ មន្ត្រីជំនាញ ក៏កំពុងយកសំណាកបន្តទៀត និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាននៅក្នុងផ្សារចារឈូកនេះ និងអ្នកវិជ្ជមានផ្សេងៗទៀត សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។