ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដកតំណែង​អធិការ​ស្រុក​រតនមណ្ឌល ក្រោយ​ផ្ទុះ​រឿងអាស្រូវ​គាប​ស៊ីលុយ​ពលរដ្ឋ​ក្រីក្រ​

​លោក​វរៈសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្ន​ការ​នគរបាល​ខេត្តបាត់ដំបង​សម្រេច​ធ្វើការ​ដកតំណែង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ទារលុយ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​១​ពាន់​ដុល្លារ​អាមេរិក ពាក់​ពន្ធ​នឹង​រឿង​បទល្មើស​គ្រឿងញៀន​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មានការ​ចោទប្រកាន់​លើ​លោក សន និល អធិការ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ថា បាន​ជំរិត​យកលុយ​ពី​ឪពុក​ជនរងគ្រោះ គឺ​លោ​កលី រុន រស់នៅ​ភូមិ​ត្រែង ឃុំ ផ្លូវ​មាស ស្រុក​រតនមណ្ឌល ចំនួន ១២០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​កូន​គាត់ ដែល​គ្មាន​កំហុស​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្តែ​លោក សន និល បាន​បដិសេធថា គាត់​មិនបាន​យក ១២០០ ដុល្លារ​ទេ គាត់ ( សន និល ) ទទួល​បានតែ ៣​លាន​រៀល​ទេ​។​

​តាម facebook របស់លោក ផែន វណ្ណៈ បាន​បញ្ជាក់ថា “​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ លោក​រួមទាំង​បងប្អូន​ក្រុមការងារ​មនុស្សធម៌ ប្រចាំខេត្ត​បាត់ដំបង បាន​ចុះទៅ​ជួប​សួរសុខទុក្ខ ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​លោក​អធិការ​ស្រុក​រតនមណ្ឌល​ចាប់ជំរិត​នៅ ភូមិ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង និង​បាន​នាំយក​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​ទៅជូន​គ្រួសារ​គាត់​ដែលមាន​ជីវភាព​ក្រីក្រ ។ បន្ទាប់ពី​ចេញពី​ជួប​ប្រជាពលរដ្ឋ លោក​បាន​ឆ្លៀត​មកជួប​លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ បាន​ឲ្យ​ដឹងថា លោក​មិន​យោគយល់ ចំពោះ​កំហុសឆ្គង របស់លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនៈមណ្ឌល ដែល​ធ្វើបាប​រាស្ត្រ​នោះទេ “​។

​បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​នេះ លោក​ឧត្ដមសេនីយ៍ទោ ស្នងការ បាន​បញ្ជា​ឲ្យ​លោក សន និល យកលុយ​មក​ប្រគល់ជូន ជនរងគ្រោះ​វិញ​ជាបន្ទាន់ ។ នៅ​រសៀល​ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ លោក សន និល បាន​យក​ថវិកា​ចំនួន ១២០០ ដុល្លារ ដែល​លោក​ជំរិត​យក​ពី​ប្រជាពលរដ្ឋ ស្លូតត្រង់ គ្មាន​កំហុស​មក​ប្រគល់ជូន ប្រជាពលរដ្ឋ​វិញ ។​

​បន្ទាប់ពី​លោក​សន និល បានប្រគល់​លុយ​ជូន​ជនរងគ្រោះ​វិញ លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ដក​លោក សន និល មក​នៅ​ការិយាល័យ​បុគ្គលិក ហើយ​បានតែងតាំង​លោក ផាន់ ឡុង អធិការរង​ទទួល​បន្ទ​ក​សណ្ដាប់ធ្នាប់ ឡើងជា​អធិការ​ស្ដីទី បណ្ដោះអាសន្ន​រង់ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ និង ក្រសួងមហាផ្ទៃ ។​

​ពេលនេះ​លោក​វរសេនីយ៍ឯក សន និល បាន​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​រង់ចាំ​ក្រុមការងារ ស្រាវជ្រាវ សាកសួរ​កសាង​សំណុំរឿង សុំ​យោបល់​ទៅ​ថ្នាក់ដឹកនាំ​ខាងលើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close