ក្រុមហ៊ុន​អាកាសចរ​ជាតិចិន Air China គ្រោង​បើក​ជើងហោះហើរ​ត្រង់​ពី​ក្រុង​ប៉េកាំង មក​រាជធានី​ភ្នំពេញ នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​

​ក្នុងជំនួប​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃ​ម្សិលមិញ តំណាង​ក្រុមហ៊ុន​អាកាសចរ​ជាតិ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (Air China) បានបង្ហាញ​ពី​គោលបំណង នៃ​ក្រុមហ៊ុន​អាកាសចរ​ជាតិចិន​មួយ​នេះ ចង់​ធ្វើការ​ហោះហើរ​ត្រង់​ផ្ទាល់ ពី​រដ្ឋធានី​ប៉េកាំង មកកាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ខាងមុខនេះ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំង​២ កំណើន​នៃ​ភ្ញៀវទេសចរ​ចិន ពង្រឹង​ការលើក​កំពស់ ការតភ្ជាប់​ការហោះហើរ រវាង​ប្រទេស​ទាំងពីរ ជំរុញ​កំណើន​ភ្ញៀវទេសចរ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ក្នុងជំនួប​ពិភាក្សា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​ថ្លែងថា ក្នុងនាម​ថ្នាក់ដឹកនាំ របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល សូម​ធ្វើការ​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរ​ជាតិ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ជួយ​សម្រួល​បែបបទ​បច្ចេកទេស​នានា ធ្វើយ៉ាងណា​ឲ្យ​មានការ​ហោះហើរ​ត្រង់ មក​តាម​ពេលវេលា​ដែល​បាន​គ្រោងទុក គឺ​ការហោះហើរ​នឹង​ចាប់ផ្តើម​នា​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus 320 ហោះហើរ​០៣ ជើង​ក្នុង​១​សប្តាហ៍​។​

  1. ​លើសពីនេះទៅទៀត នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​គូសបញ្ជាក់ថា តាមរយៈ​ការហោះហើរ​ត្រង់​រវាង រដ្ឋធានី​ប៉េកាំង មកកាន់​រាជធានី​ភ្នំពេញ នឹង​ជំរុញ​នូវ​ចំណងមិត្តភាព ប្រទេស​ទាំង​២ កាន់តែ​ជិត​កំណើន​អ្នកដំណើរ​តាមផ្លូវ​អាកាស កាន់តែច្រើន​ថែមទៀត និង​មានការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម រវាង​ប្រទេស​ទាំង​២​កាន់តែ​ល្អប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close