ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន៖ ការជ្រើសរើសក្រុងព្រះសីហនុជាកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដោយសារសម្បទាទេសចរណ៍សមស្រប និងការចាក់វ៉ាក់សាំង

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ដោយហេតុថា ក្រុងព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍សមសម្រប ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ហើយម្យ៉ាងទៀតការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងវិស័យទេចរណ៍នៅខេត្តនេះ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាក់ស្ដែងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងដោះដូរយោបល់លើការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ឱ្យបានរលូនជោគជ័យ។

ឯកឧត្តម​ ថោង ខុន បានឲ្យដឹងថា ដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេកម្ដងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។ ស្របតាមស្មារតី និងគោលបំណងរួម ថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបានគាំទ្រឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍អាស៊ាននេះដោយផ្ទាល់ ដើម្បីប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងទេសចរណ៍ ឲ្យរៀបចំវេទិកាទេសចរណ៍នេះឡើង ដែលរួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូក (បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា ការតាំងពិព័ពរណ៍ក្នុងទំហំតូចល្មម និងកម្មវិធីផ្សេងៗទៀតដែលអាចគ្រប់គ្រងបាន។

ឯកឧត្តម​ គួច ចំរើន បានបង្ហាញថា រដ្ឋបាលខេត្តបានរីករាយគាំទ្រយ៉ាងពេញទំហឹង និងសហការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ដោយត្រូវនឹងត្រូវសហការគ្នាធានាថា គ្មានការនាំជំងឺកូវីដ-១៩ ចូល ហើយគ្មានការឆ្លងពីអ្នកក្នុងស្រុកដល់គណៈប្រតិភូ។ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គណៈកម្មការរៀបចំទិវាទេសចរណ៍នឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ហើយក្រុមការងារអន្តរស្ថាប័ននឹងសិក្សាវាយតម្លៃរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ គ្រប់គ្រងហានិភ័យនៃការឆ្លង ការគ្រប់គ្រងព័ត៌មានស្ដីពីការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូ ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រីរៀបចំឲ្យបានល្អ ធ្វើយ៉ាងណាធានាថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ ពីបុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គណៈកម្មការនឹងរៀបចំស្តង់ដាប្រតិបត្តិសម្រាប់វេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF2022 SOP) ដើម្បីជាក្រមអនុវត្តន៍។

ឯកឧត្តម​រដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្ននេះថា «ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះ ដោយហេតុថា ខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អមានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ដោយមិនចំាបាច់ប្ដូរជើងយន្តហោះ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តព្រះសីហនុ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១»។

ឯកឧត្តម​ក៏បានប្រាប់ឲ្យដឹងដែរថា វេទិកាទេសចរណ៍អាស៊ាន ២០២២ នេះ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រ អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជនបទនៅកម្ពុជា ដែលអង្កការទេសចរណ៍ពិភពលោកចាត់ទុកជានិន្នាការកើនឡើងបន្ទាប់ពីកូវីដ-១៩ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នាឱកាសទិវាទេសចរណ៍អាស៊ាននេះ នឹងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាស៊ានសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ដែលជាការទន្ទឹងរង់ចាំពីប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៏ដូចជាអ្នកបម្រើការងាររាប់សិបលាននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close