ឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ រួមទាំងមេខ្យល់ជនជាតិថៃម្នាក់ ពេលធ្វើដំណើរមកកម្ពុជាវិញ
សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅ កាលពីថ្ងៃទី១៨ កក្កដា ម្សិលមិញ បានឃាត់ខ្លួនពលករខ្មែរចំនួន ០៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរទាំងនោះ ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាតត្បាតជម្ងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងនោះ បានជួលរថយន្តដឹកមកព្រំដែនខេត្តស្រះកែវ តម្លៃក្នុងម្នាក់ ១,៥០០បាត ។
ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ពលករខ្មែរត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចំណែកមេខ្យល់ជនជាតិថៃត្រូវសមត្ថកិច្ចថៃចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេសឆ្លងដែនដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។