មកដឹងពីមូលហេតុដែលតម្លៃប្រេងនៅកម្ពុជាឡើងថ្លៃ

ក្នុង​រយៈពេលចុងក្រោយនេះ គេមើលឃើញថា តម្លៃប្រេងសាំង​នៅ​កម្ពុជាបានហក់ឡើងជាបន្តបន្ទាប់ ដោយពេលនេះ បានឡើង​ដល់ ៤១០០រៀល​ក្នុង​មួយលីត្រ​ហើយ។

ចំពោះ​ការ​ឡើងថ្លៃប្រេងនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានថ្លែងថា ទាំងនេះ គឺដោយសារតែតម្លៃប្រេង នៅលើទីផ្សារពិភពលោក មានការឡើងថ្លៃ ហើយមានតម្រូវការច្រើន។

លោកថា ការកើនឡើងតម្លៃប្រេងនេះ ដោយសារតែក្រុមប្រទេស OPEC បានកាត់បន្ថយការផលិតកម្មប្រេង ហើយប្រភពធំៗ២ ដែលនាំចេញប្រេងឆៅ គឺប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួម ក៏បានកាត់បន្ថយ ការផលិតប្រេងរបស់ខ្លួនដែរ ខណៈតម្រូវការប្រេងឥន្ទនៈនៅលើទីផ្សារអន្ដរជាតិ មានការកើនឡើង ពោលគឺនៅក្រោយពីប្រទេសនៅតំបន់អ៊ឺរ៉ុបមួយចំនួន បានបិទបញ្ចប់ការ LOCK DOWN ប្រទេសខ្លួន តែក្រុមប្រទេស OPEC នៅរក្សារលំនឹង នៃការផលិតប្រេង ដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើង។

យ៉ាងណាក៏ដោយ បើ​តាម​លោក ប៉ែន សុវិជាតិ ថា នាពេលថ្មីៗនេះ ប្រទេសធំៗ ដែលនៅក្នុងតំបន់ OPEC ទើបតែបានព្រមព្រៀងគ្នា បង្កើនផលិតកម្មប្រេងរបស់ខ្លួនឡើងវិញ នៅក្នុងខែសីហាខាងមុខនេះ ដែលក្នុងមួយថ្ងៃ ចំនួន៤០ម៉ឺនបារ៉េល ដូច្នេះពេលនោះប្រេងនឹងចាប់ផ្ដើមសំបូរឡើងវិញ ហើយលោករំពឹងថា តម្លៃប្រេងឆៅ អាចនឹងមានការធ្លាក់ចុះវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close