វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់​ចិន​មាន​ប្រសិទ្ធភាព​ការពារ​ក្មេងៗ​បាន​រហូតដល់​ជិត​៩៩%

​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ របស់​ចិន​ប្រភេទ Sinovac មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ចំពោះ​ក្មេងៗ ចាប់ពី​អាយុ​៣-១៧​ឆ្នាំ គឺមាន​រហូតដល់​ទៅ ៩៨,៩% ក្រោយ​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​ពីរ​។​

​សារព័ត៌មាន Global Times នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែកក្កដា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ក្រុមហ៊ុន​ចិន Sinovac ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ សម្រាប់​ចាក់​ឲ្យ​ក្មេងៗ​អាយុ​ចន្លោះ ៣-១៧​ឆ្នាំ នៅក្នុង​ប្រទេស​ចិន ហើយ​ឥឡូវ​ទិន្នន័យ​ពី​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​ពីរ​បង្ហាញថា វា​មាន​ប្រសិទ្ធភាព​យ៉ាងហោច​ដល់​ទៅ ៩៨.៩​ភាគរយ ក្នុងការ​បណ្តុះ​អង់​ទីករ​ការពារ ខណៈ​ប្រសិទ្ធភាព​នេះ គឺ​ខ្ពស់ជាង​ក្រុមមនុស្ស​ដែលមាន​អាយុ​លើស ១៨​ឆ្នាំ​ទៅទៀត​។​

​ក្រុមហ៊ុន Sinovac បានចេញ​សេចក្តីប្រកាស​មួយ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ការធ្វើ​តេស្ត​នោះ​មានការ​ចូលរួម ពី​ក្រុម​អ្នកស្ម័គ្រចិត្ត​ប្រមាណ ១៨០​នាក់ ដែល​ស្ថិតក្នុង​ក្រុម​អាយុ​ខាងលើ​។ រយៈពេល ០៣​ខែ ក្រោយ​ចាក់​វ៉ាក់សាំង កម្រិត​នៃ​ការផលិត​អង់​ទីករ សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ក្នុងចំណោម​អ្នក​ទាំងនោះ គឺ​ស្ថិតនៅ​អត្រា​ខ្ពស់​រហូតដល់​ទៅ ៩៨.៩​ភាគរយ​។ យោងតាម​ទិន្នន័យ​នៃ​ការធ្វើ​តេស្ត ក្រុមហ៊ុន Sinovac បាន​អះអាង​ទៀតថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព និង​ស្ថិរភាព​ក្រោយ​ចាក់​លើ​ក្មេងៗ​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​ចិន​បានអនុម័ត​ឲ្យ​ប្រើប្រាស់ វ៉ាក់សាំង Sinovac សម្រាប់​ប្រជាជន​អាយុ​ចន្លោះ ៣-១៧​ឆ្នាំ កាលពី​ខែឧសភា​កន្លងទៅ​។ បើតាម​ក្រុមហ៊ុន Sinovac ឲ្យ​ដឹងថា ទីក្រុង និង​ខេត្ត​ជាច្រើន​នៅក្នុង​ប្រទេស​ចិន បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នេះ ឲ្យ​ក្មេង​ជំទង់​អាយុ​ចន្លោះ ១៥-១៧​ឆ្នាំ តាំងតែ​ពី​ខែកក្កដា​មក ហើយ​កំពុង​គ្រោង​ពង្រីក​ការចាក់​សម្រាប់​ក្មេងៗ អាយុ​ផ្សេងៗ​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close