ឯកឧត្ដម ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​គម្រោង​ផ្លូវ ៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា អនុប្រធាន​ប្រចាំការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ការរៀបចំ​ខឿន​ចិញ្ចើមផ្លូវ​សម្រាប់​អ្នកធ្វើដំណើរ​ដោយ ថ្មើរជើង និង​ពិនិត្យ​គុណភាព​នៃ​ការចាក់​បេតុង​ស្ពាន​និង​ផ្លូវ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ការរៀបចំ​ខឿន​ចិញ្ចើមផ្លូវ​សម្រាប់​អ្នកធ្វើដំណើរ ដោយ​ថ្មើរជើង ដើម្បី​លើកកម្ពស់​សោភ័ណភាព សុវត្ថិភាព​សងខាង​ផ្លូវ និង​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស សក្តិសម​ជាទី​ក្រុង​ទេសចរណ៍​សម័យ​ទំនើប និង​ពិនិត្យ គុណភាព​នៃ​ការចាក់​បេតុង​ស្ពាន​និង​ផ្លូវ ដើម្បី​ធានាបាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​គួរ​រម្លឹក​ផងដែរ​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨,៧៤១​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក ចំណាយ​លើ​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយពេល​សាងសង់​ចំនួន​១៣ ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការ រស់នៅ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ត​ភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។

​សូម​ជម្រាបជូន​ថា យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្ត សៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ សម្រេចបាន​៦៦.៣៤% ប្រើប្រាស់​រយៈពេល​សាង សង់​ចំនួន​៧​ខែ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close