ឆ្នាំ២០២១នេះ វិស័យអាកាសចរណ៍កម្ពុជាធ្លាក់ចុះជាង ៩០ភាគរយ តែការដឹកជញ្ជូនទំនិញកើនឡើងបន្តិចវិញ
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា គិតត្រឹមចុងខែឧសភាឆ្នាំ២០២១ វិស័យដឹកជញ្ជូនតាមផ្លូវ អាកាសនៅកម្ពុជាធ្លាក់ចុះចន្លោះពី៩២-៩៤ភាគរយ ប៉ុន្តែមានការងើបឡើងវិញបន្តិចសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដោយ សារមានតម្រូវការប្រើប្រាស់ទំនិញច្រើន ដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងៗទៀត ជាពិសេសការដឹកជញ្ជូនវ៉ាក់ សាំង ម៉ាស បរិក្ខាពេទ្យជាដើម ។
លោកថា ការធ្លាក់ចុះនេះ គឺដោយសារការរីករាលដាលនៃជំងឺកូវីដ- ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ ដែលតាមប្រទេសនីមួយៗមានដាក់ចេញនូវវិធានការសុខាភិបាលផ្សេងៗគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ ។
« ដោយឡែកនៅ ក្នុងប្រទេសកម្ពុជាយើងវិញ យើងដឹងស្រាប់ហើយថាប្រទេសកម្ពុជាយើងមានការធ្លាក់ចុះដដែល គឺជាង៩០ ភាគរយ ចន្លោះពី៩២ទៅ៩៤ ភាគរយ ហើយសម្រាប់នៅថ្ងៃខ្លះទៅគឺមានក្រាហ្វិកចរាចរណ៍ច្រើន ប៉ុន្តែជាមធ្យមគឺនៅខ្ទង់៩៤ភាគរយ នេះបើយើងធៀបឆ្នាំ២០២១ ក្នុងរយៈ ពេលប្រាំខែនេះ គឺយើងគិតត្រឹមដើមខែមិថុនាធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ប៉ុន្តែសម្រាប់ការដឹកជញ្ជូនទំនិញមានការកើនឡើង ពី មុនយើង-៦០ភាគរយកាលពី ២០២០ ប៉ុន្តែឥឡូវនេះយើងគិតរយៈពេលប្រាំខែ គឺយើងដកជាង៣០ភាគរយជាង គឺធ្លាក់ចុះ៣៤ភាគរយ ដូច្នេះនេះមានការកើនឡើង » ។
បើតាមអ្នកនាំពាក្យរូបនេះថា ៥ខែឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានអ្នក ដំណើរបានចំនួន១១៥ ៣៥៣នាក់ ស្មើនឹង៤១៣៤ ជើង ខណៈការដឹកជញ្ជូនទំនិញមានចំនួន ២២ ៩៧៣ តោន ។
សូមបញ្ជាក់ថា តាមការព្យា ករណ៍ការធ្វើដំណើរតាមផ្លូវ អាកាស អាចនឹងល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ២០២៣ ។ ដោយឡែកបើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញ អាចក្នុង អំឡុងឆ្នាំ២០២៣-២០២៤ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។