រោងចក្រផលិតដំណាប់ផ្លែឈើដ៏ធំមួយ គ្រោងបង្កើតនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនជីន ហួយ (ខេមបូឌា) បានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងការបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើដ៏ធំមួយ ដោយគ្រោងធ្វើឡើងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅលើផ្ទៃជាង១០ម៉ឺនម៉ែត្រក្រឡា។
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា គម្រោងនេះបានទទួលការគាំទ្រពីក្រុមការងារអន្តរក្រសួង ដោយក្នុងនោះក្រុមការងារអន្តរក្រសួង ក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងប្រើប្រាស់សារធាតុគីមីក្នុងការរក្សាគុណភាព ផលិតផល និងត្រូវគិតគូរបន្ថែមលើការរក្សាធនធានបរិស្ថាននៅក្នុងតំបន់គម្រោង និងដាំដើមឈើបន្ថែម ដើម្បីការពារទំស្កាត់ការរំខានដោយសំឡេង ការបំពុលខ្យល់ និងការបំពុលគុណភាពទឹក និងគុណភាពដី។
ជាមួយគ្នានេះដែរក្រុមហ៊ុនក៏ត្រូវរកជម្រើសផ្សេងពីការប្រើប្រាស់អុសមកប្រើប្រាស់អគ្គិសនី ឬថាមពលផ្សេងៗចំពោះឡចំហាយ និងក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងស្ថានភាពតំបន់គម្រោង។
យ៉ាងណាក៏ដោយចំពោះកាលបរិច្ឆេទនៃការបង្កើតរោងចក្រនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។