ឆេះទូកនៅកោះរ៉ុង ស្លាប់ម្នាក់ និង១០នាក់ទៀតជួយសង្រ្គោះទាន់
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយបានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា នៅវេលាម៉ោង ១០ និង២០នាទីព្រឹកមិញ មានករណីឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។
លោកបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន០៦នាក់ផងដែរ។
បើតាមអ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេងប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។