ការទិញតេស្តរហ័សពីក្រសួងប្រៃសនីយ៍ មិនឲ្យទៅលក់បន្តទេ! ឥឡូវនេះក្រសួងចុះរឹបអូសឧបករណ៍តេស្តរហ័សជាង៤ពាន់គ្រឿងត្រឡប់មកវិញ
ក្រសួងប្រៃសណីយ៍បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ខ្លួនបានចាត់វិធានការចំពោះជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។
ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្រសួងថា ការទិញឧបករណ៍តេស្តពីក្រសួងយកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។
បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។