មហាសេដ្ឋី​អា​ម៉ា​ហ្ស៊ូ​ន​ជិះ​យានអវកាស​ឡើងទៅ​កាន់​លំហរ​អាកាស​ផែនដី​ហើយ​ចុះចត​វិញ​ដោយ​ជោគជ័យ​

​គម្រោង​ឡើងទៅ​កាន់​លំហរ​អាកាស​របស់​មហា​សេ​ដ្ឋិ​ពិភពលោក ទទួលបាន​ជោគជ័យ ដោយ​កាលពី​ថ្ងៃទី ២០​ខែកក្កដា លោក Jeff Bezos មហាសេដ្ឋី​អា​ម៉ា​ហ្ស៊ូ​ន បាន​ឡើងទៅ​កាន់​លំហរ​អាកាស​ផែនដី ក្លាយទៅជា​មហាសេដ្ឋី​ទី​ពីរ​ហើយ​នៅលើ​ពិភពលោក ដែល​បានធ្វើ​ដំណើរ​ទៅ​ទី​អវកាស​ដោយ​ប្រើ​យាន​ផ្ទាល់ខ្លួន​។​

​សារព័ត៌មាន AP បាន​ផ្សាយ​ថា លោក Jeff Bezos ធ្វើដំណើរ​ទៅកាន់​ទី​អវកាស​ជាមួយ​សមាជិក​ដែល​បានជ្រើសរើស ក្នុងនោះ​មាន បងប្រុស​របស់លោក Mark Bezos និស្សិត​អាយុ​១៨​ឆ្នាំ​ជនជាតិ​ហុ​ល្លង់ Oliver Daemen និង​លោក Wally Funk​អាយុ​៨២​ឆ្នាំ​រស់នៅ​រដ្ឋ​តិច​សាស ។ អ្នក​ឡើងទៅ​ពេលនេះ​មាន​មនុស្ស​វ័យក្មេង​បំផុត​និង​ចាស់​បំផុត​។ និស្សិត​វ័យ​១៨​ឆ្នាំ​ជា​អា​តិ​ថ​ជន​ដំបូង ដែល​បាន​បង់លុយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដើម្បី​ឡើងទៅ​កាន់​ទី​អវកាស​។​

​ក្រោយ​រយៈពេល​ធ្វើដំណើរ ១០ នាទី​ហើយ​ចុះចត​ដល់​ផែនដី​វិញ មហាសេដ្ឋី Jeff Bezos បាន​លើកឡើងថា «​ជា​ពេលវេលា​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​»​។​

​គូប្រជែង​របស់​មហាសេដ្ឋី​អា​ម៉ា​ហ្ស៊ូ​ន គឺ​មហាសេដ្ឋី Richard Branson របស់​ក្រុមហ៊ុន Virgin Galactic បាន​ទៅកាន់​ទី​អវកាស​ដោយ​ជោគជ័យ​មុន​មហាសេដ្ឋី​អា​ម៉ា​ហ្ស៊ូ​ន ៩​ថ្ងៃ​។ លោក Jeff Bezos បញ្ជាក់ថា នេះ​មិនមែនជា​ការប្រកួតប្រជែង​នោះឡើយ គឺជា​ការកសាង​ផ្លូវ​ឡើងទៅ​កាន់​ទី​អវកាស​ដើម្បី​ជំនន់​ក្រោយ ធ្វើបាន​ល្អ​ជាង​នេះ​។​

​យានអវកាស Blue Origin បាន​ឡើង​កម្ពស់​ពី​ផែនដី ១០៦ គីឡូម៉ែត្រ គឺ​ខ្ពស់ជាង ដំណើរ​ទៅ​ទី​អវកាស​របស់លោក Branson កាលពី​ថ្ងៃទី​១១​ខែកក្កដា ។ រ៉ុក្កែត​រ៉ុញ កម្ពស់​១៨​ម៉ែត្រ​បញ្ជូន​យានអវកាស ក្នុង​ល្បឿន​លឿន​ជាង​សំ​លែង​៣​ដង ហើយក៏​ផ្តាច់ខ្លួន​ចេញពី​យាន ចុះចត​នៅ​ផែន​ដោយ​ជោគជ័យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close