កម្សាន្តក្រសួង​វប្បធម៌​បង្ហាញ​ក្តី​សង្ឃឹមថា យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ខ្មែរ​ជា​សម្បត្តិ​វប្បធម៌

មន្ដ្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបង្ហាញ​ក្តីសង្ឃឹម​ថា អង្គការ​យូណេស្កូ (UNESCO) នឹង​ចុះបញ្ជី​ល្ខោនខោល​របស់​ខ្មែរ​ជា​សម្បត្តិ​វប្បធម៌​តាម​សំណើ​របស់​កម្ពុជា ក្នុងការ​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន សម្រាប់​ការអភិរក្ស​ស​ម្ប​តិ្ត​អរូបី​របស់​កម្ពុជា​។​

​ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP) ដកស្រង់​សម្តី​មក​បញ្ជាក់ថា កម្ពុជា​គ្មាន​ការព្រួយបារម្ភ​ឡើយ ដោយសារ​កម្ពុ​ជាមាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ល្ខោនខោល​ជា​របស់​ខ្មែរ ជាពិសេស​កម្ពុជា​បានដាក់​ពាក្យស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​មុន​ប្រទេស​ថៃ​។ ឯកឧត្តម​បាន អះអាងថា ល្ខោនខោល​ខ្មែរ មាន​លក្ខណៈ​ខុសគ្នា​ស្រឡះ​ពី​ល្ខោន​ខុន​របស់​ថៃ ដោយសារ​លក្ខណៈ​រាំ និង​ក្បាច់ មាន​ភាពខុសគ្នា ឬ​គ្រាន់តែ​ស្រដៀង​គ្នា​តិចតួច​តែប៉ុណ្ណោះ​។​

ការលើកឡើង​របស់​ម​ន្ដ្រី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រូបនេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​បំផុស​ព័ត៌មាន​ដែល​បង្ករ​ការព្រួយបារម្ភ ខ្លាច​ប្រទេស​ថៃ​ចុះបញ្ជី​ល្ខោនខោល​របស់​ខ្មែរ​ធ្វើជា​របស់ខ្លួន​។​

​ឯកឧត្ដម ថៃ នរៈ​សត្យា បាន​លើកឡើងថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​ទំនាក់ ទំនង​សង្គម​បែបនេះ គឺជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន ហើយ​អ្នក​បង្ហោះ​ព័ត៌មាន​ទាំងនោះ គ្រាន់តែ​ចង់បាន​ការចាប់អារម្មណ៍ ឬ​ចង់បាន​ការចែក​ចាយ​ឱ្យបាន​ច្រើន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ ឯកឧត្ដម​បាន​បន្ថែម​ទៀតថា ចំពោះ​បញ្ហា​ការសម្រេចចិត្ត​របស់​អង្គការ​យូណេស្កូ លើ​ល្ខោនខោល​ថា ជា​របស់​ប្រទេស​ណាមួយ​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​មានការ​ស្ងប់ស្ងាត់ និង​សូម​រង់ចាំ​លទ្ធផល​ផ្លូវការ​ជាក់ស្ដែង​ជា​លាយលក្ខណ៍អក្សរ​ចេញ ពី​អង្គការ​យូណេស្កូ នោះ​ទើប​មាន​អាច​យកជាការបាន និង​មានតម្លៃ​ពិតប្រាកដ​។​

​សូមបញ្ជាក់ថា ការប្រកាស​ផ្លូវការ​របស់​អង្គការ​យូណេស្កូ​លើ​ការស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​ខ្មែរ​នេះ នឹងត្រូវ​សម្រេច​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close