រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យរាជធានី-ខេត្ត ៣ បង្ក្រាប​ក្លឹប​កម្សាន្ត​ដែល​ចែកចាយ​គ្រឿងញៀន

សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជា​ឲ្យអភិបាល​រាជធានី-ខេត្ត ជាពិសេស​រាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប យកចិត្តទុកដាក់​ដោះស្រាយ និង​បង្ក្រាប​ការចែកចាយ​គ្រឿងញៀន​នៅ​តាម​រង្គសាល។

សម្តេច​ក្រឡាហោម បញ្ជាក់ថា “យើងមិនមែន​បង្ក្រាប​កន្លែងកម្សាន្ត​ទេ គឺយើង​បង្ក្រាប​គ្រឿងញៀន ពីព្រោះច្បាប់​អនុញ្ញាតឲ្យបើកកន្លែងកម្សាន្ត​ តែមិន​អនុញ្ញាត​ឲ្យចែកចាយ​គ្រឿងញៀនទេ”។

សម្ដេច​បាន​លើក​ឡើង​យ៉ាងដូច្នេះ នៅក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ពិធីសូត្រធម៌ អធិដ្ឋាន បញ្ជូនសារដើម្បីប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ។

សម្ដេច​ ស ខេង ក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ពិធីសូត្រធម៌ អធិដ្ឋាន បញ្ជូនសារដើម្បីប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប នា​រសៀល​ថ្ងៃទី៣០ ខែសីហា​នេះ

សម្តេច ស ខេង បានសង្កត់ធ្ងន់ថា បើម្ចាស់រង្គសាលអនុញ្ញាតឲ្យគេចែកចាយគ្រឿងញៀននៅក្នុងរង្គសាលរបស់ខ្លួន គឺម្ចាស់រង្គសាលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេច​ក្រឡាហោម​បន្ថែមថា៖ “ឥឡូវនេះ វិធីមានពីរយ៉ាង ទី១. ក្តាប់ព័ត៌មានបានទៅបង្ក្រាប ប៉ុន្តែកុំយល់ច្រឡំថា ទៅបង្ក្រាបកន្លែងកម្សាន្ត​ដែលមាន​ច្បាប់​អនុញ្ញាត គឺយើងបង្ក្រាបគ្រឿងញៀន​នៅនឹង​កន្លែង​​កម្សាន្ត​នោះ និងទី២. ប្រកាសជាជំហរសុំឲ្យ​លុប​បំបាត់ដោយ​ខ្លួន​ឯង…”។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាដោយផ្ទាល់មាត់​ឲ្យលោក​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាលរាជធានី​ភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបទីតាំង​ក្លឹប​កម្សាន្ត​មួយចំនួន​នៅក្នុង​រាជធានីភ្នំពេញ ដែលមាន​ការចែកចាយ​គ្រឿងញៀន ពីព្រោះ​នៅរាជធានីភ្នំពេញ មិនទាន់ឃើញបង្ក្រាបនៅឡើយទេ។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តាំទៅម្ចាស់រង្គសាល និងកន្លែងកម្សាន្ត​ ឬភោជនីយដ្ឋាន ដែលមានការលួចលាក់​ចែកចាយ​គ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់ ហើយបើមិន​បញ្ឈប់ទេ សមត្ថកិច្ច​នឹងទៅបង្ក្រាប មិនត្រឹម​តែបង្ក្រាបទេ គឺថែមទាំងប្រឈម​មុខនឹងការបិទ​អាជីវកម្ម ពីព្រោះរឿងនេះ រឿងសង្គម មិនមែនរឿងបុគ្គលណា ក្រុមណានោះទេ គឺការទទួលខុសត្រូវក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម សុខមាលភាពសង្គមរបស់យើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close