ចាប់សាច់ក្របី ៣កុងតឺន័រ នាំចូលមកពីឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ មន្ត្រីគយកម្ពុជា ចាប់បានសាច់ក្របីក្លាសេចំនួន ៣កុងតឺន័រ ដែលមានផ្ទុកវីរុសកូវីដ-១៩ និងត្រូវនាំយកទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំទៅអភិបាលស្រុកឱរ៉ាល់ សហការជាមួយខាងមន្ត្រីគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម វ៉ី សំណាង បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឲ្យបានច្បាស់លាស់ ពីប្រភពនៃសាច់ទាំងនោះ ព្រោះ ខ្លាចទិញប៉ះចំសាច់ក្លាស្សេ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩ ដូចអ្វីដែលមន្ត្រីគយ ចាប់បាននៅពេលនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ព្រោះមេរោគកូវីដ-១៩ អាចនៅរស់នៅលើសាច់កកៗ ដូចករណីសាច់គោ សាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ហើយត្រូវមន្ត្រីគយ ចាប់បាននៅពេលនេះ។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់មិនឲ្យនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ដែលចាត់ទុកថា ជា «ហានិភ័យខ្ពស់» ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសារតែប្រទេសឥណ្ឌា បន្តឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាថ្មីទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។