អណ្តើកហ្លួង ៨ក្បាល ប្រគល់ទៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ក្រោយចិញ្ចឹមថែទាំអស់ជិត ៦ឆ្នាំ
ខេត្តកោះកុង៖ កាលពីសប្តាហ៍កន្លងទៅ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ សហការជាមួយអង្គការ WCS និងដោយមានការអនុញ្ញាតិនិងគាំទ្រពីរដ្ឋបាលជលផល បានបញ្ជូនអណ្តើកហ្លួង(ឬអណ្តើកសរសៃ)ជំទង់ឈ្មោលចំនួន៨ក្បាលទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងរបស់អង្គការWCS ក្រោយពីអណ្តើកហ្លួងទាំងនោះ បានទទួលការចិញ្ចឹមថែទាំអស់រយៈពេលជិត ៦ឆ្នាំ។

អណ្តើកហ្លួងឈ្មោលទាំង ៨ក្បាលនោះ ស្ថិតក្នុងចំណោមអណ្តើកហ្លួង២៥ក្បាល ដែលក្រុមការពារសម្បុកអណ្តើកនៃអង្គការ WCS បានប្រមូលយកពីឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិលក្រោយពេលញាស់ និងបានបញ្ជូនទៅកាន់មណ្ឌលថែទាំអណ្តើកហ្លួងរបស់អង្គការ WCS មួយរយៈពេលខ្លី បន្ទាប់មកក៏បានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះដើម្បីចិញ្ចឹមថែទាំបន្តក្នុងគោលបំណងការពារនិងអភិរក្សប្រភេទអណ្តើកនេះកុំឱ្យផុតពូជ។
ក្រុមការងារមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានធ្វើការតាមដាននិងពិនិត្យសុខភាពសត្វប្រចាំឆមាសដើម្បីពិនិត្យតាមដានភាពចម្រើនវ័យរបស់អណ្តើកទាំងនេះកាលពីដើមសប្តាហ៍កន្លងទៅ។ អណ្តើកទាំងនេះឈានដល់វ័យអាចបង្កកំណើតបានហើយ។ ចំនួនអណ្តើកហ្លួងសរុបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះមាន ២៦ក្បាល ក្នុងនោះមានឈ្មោលចំនួន ១៩ក្បាល។

ដើម្បីឱ្យចំនួនអណ្តើកញី និងឈ្មោលសមមាត្រគ្នាសម្រាប់ការបន្តពូជ ក្រុមការងារបានសម្រេចដកអណ្តើកហ្លួងឈ្មោលចំនួន ៨ក្បាលចេញនិងបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងដើម្បីបន្តពូជនៅទីនោះនិងគ្រោងលែងវាចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលវិញនៅចុងឆ្នាំនេះ។ អណ្តើកហ្លួងត្រូវចាត់ថ្នាក់ក្នុងចំណោមអណ្តើកទឹកសាបនិងអណ្តើកគោកចំនួន ២៥ប្រភេទដែលទទួលរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥។
សកម្មភាពមួយចំនួនមានដូចជាការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រកនិងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលស្ថិតនៅខេត្តកោះកុងនិងខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ។ សត្វអណ្តើកទាំងនេះកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។

ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួងបានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូត ដល់ឆ្នាំ ២០០០ រដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្តើកនេះកុំឱ្យផុតពូជ ដោយមានការគាំទ្រថវិកាពីម្ចាស់ជំនួយមួយចំនួនរួមមាន សហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងបទល្មើសសត្វព្រៃ អង្គការ Mandai Nature, និងអង្គការ Allwetterzoo Münster។
សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះរួមមាន ការស្រាវជ្រាវនិងការពារចំនួនប្រភេទអណ្តើកហ្លួងនៅតាមប្រព័ន្ធព្រែកស្រែអំបិល ព្រមទាំងកម្មវិធីរក្សា និងបង្កាត់មេបាពេញវ័យក្នុងមជ្ឈមណ្ឌល និងកម្មវិធីចិញ្ចឹមថែទាំកូនតូចៗក្រោយពេលញាស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងរបស់អង្គការ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។