តុលាការដោះលែងមន្ត្រីយោធាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវពាក់ពន្ធ័ទឹកប្រាក់៩២ម៉ឺនដុល្លារ
តុលាការបានដោះលែង លោក អេង អូន ជាមន្ត្រីយោធា និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ឲ្យមានសេរីភាពវិញហើយការពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនមួយរយៈពេលខ្លី។ នេះបើ បង្ហើបរបស់សមត្ថកិច្ច។
លោក អេង អូន ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ បទល្មើសឆបោក និងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន ៩២ម៉ឺនដុល្លារអាមេរិក។
ប្រភពបញ្ជាក់ថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឈ្មោះ លោក អេង អូន ន្ត្រីយោធានៅអង្គភាពកងទ័ពជេីងអាកាសមូលដ្ឋានកេងកងខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ បន្ទាប់ពីបញ្ជាឲ្យសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ។
ជុំវិញការដោះលែង លោក អេង អូន នេះអ្នកសារព័ត៌មាន បានព្យាយាមសាកសួរទៅលោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយតបឡើយ។
សូមជម្រាបជូនថា លោក អេង អូន ក៏ធ្លាប់ត្រូវបានឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចេញលិខិតផាកពិន័យជាទឹកប្រាក់ជាង ៨០០លានរៀលផងដែរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ លួចកាយយកដីក្រហមនៅភ្នំថ្កូវ ស្ថិតនៅភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មុនទទួលបានអាជ្ញាប័ណ្ណពីក្រសួង ប៉ុន្តែ លោក អេង អូន ពុំព្រមបង់ប្រាក់ផាកពិន័យតាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ និងបានចេញលិខិតបដិសេធថែមទៀតផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។