ករណីចាក់ដីលុបសមុទ្រនៅខាងមុខសាលាខេត្តកែប រដ្ឋបាលខេត្តថា ជាការអភិវឌ្ឍន៍

រដ្ឋបាលខេត្តកែប កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការបំភ្លឺពាក់ព័ន្ធនឹងករណីចាក់ដីលុបសមុទ្រដែលធ្វើឲ្យមានការរិះគន់នៅខាងមុខសាលាខេត្តកែប ដោយថា នេះគឺជាការអភិវឌ្ឍរបស់ខេត្ត។
រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តកែបបានពិនិត្យឃើញថាទីតាំងនេះមិនអាចឱ្យអ្នកទេសចរហែល ទឹកកម្សាន្តលេងបានឡើយព្រោះមានថ្មដុះរដិបរដុបតាមបណ្តោយឆ្នេរអាចបង្កឱ្យមានរបួស មិនមានខ្សាច់ សម្រាប់លេងកម្សាន្ត និងមានការបង្ហូរទឹកកង្វក់ចូលសមុទ្រពីសំណាក់អាជីវករដែលកំពុងអាស្រ័យផល នៅលើដីចំណីឆ្នេរសាធារណៈ ដូច្នេះរដ្ឋបាលខេត្តកែបបានរៀបចំសិក្សាគម្រោងរៀបខឿនច្រាំងសមុទ្រ ចាក់ដី និងចាក់ខ្សាច់បំពេញពង្រីកថ្នូរ ដើម្បីរៀបចំតំបន់គោលដៅទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកសម្រាកលម្ភៃ កម្សាន្តនៅតាមបណ្តោយឆ្នេរថ្មីនេះ ក្នុងគោលបំណងបម្រើដល់ ផលប្រយោជន៍សាធារណៈ ពិសេសរក្សាបានសណ្ដាប់ធ្នាប់សាធារណៈនៅតំបន់នេះកាន់តែមានភាពល្អប្រសើរ បន្ថែមទៀត ។
ការរៀបចំគម្រោងនេះគឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ ដីក្រុងកែប ខេត្តកែប ចក្ខុវិស័យឆ្នាំ២០៣០របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ។
ចំពោះការលើកឡើងអំពីការបាត់បង់ផលប្រយោជន៍របស់អាជីវករដែលកំពុងអាស្រ័យផលលើដី ចំណីឆ្នេរសាធារណៈនៅតំបន់នេះ រដ្ឋបាលខេត្តបញ្ជាក់ថា ការអនុវត្តតម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំ ថ្ងៃរបស់អាជីវករនៅតំបន់នេះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។