ខេត្តសៀមរាប ប្រកាសមានអ្នកស្លាប់៣នាក់ទៀត ខណៈរកឃើញករណីឆ្លងជំងឺកូវីដថ្មី ៩៨នាក់

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺ៣នាក់ បានស្លាប់ និងជាសះស្បើយ ៧១នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៦ ដល់ទី១៨ គឺជា ករណីមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី១៩ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញ ពីមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ករណីទី២៣ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង, ករណីទី២៤ ដល់ទី២៧ គឺជាករណីមានប្រភពចម្លងពីអ្នកដំណើរមកពីរាជធានី ភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ និងករណីទី២៨ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពី ខេត្តបាត់ដំបង។
រីឯករណីទី២៩ ដល់ទី៣៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លង ច្បាស់លាស់នៅឡើយ។ ចំពោះករណីទី៣៥ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ដោយឡែកអ្នកជាសះស្បើយទាំង ៧១នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតគឺ ទី១.បុរស អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ, ២.ស្ត្រី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិទម្រឹង ឃុំរើល ស្រុកពួក ដែល វិជ្ជមានជំងឺកូវីដ-១៩ និងទី៣. បុរស អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
សូមបញ្ជាក់ថា មកដល់ពេលនេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤,០២០នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២,០៩៥នាក់ ស្លាប់ ៤៥នាក់ និង ១,៨៨០នាក់ កំពុងសម្រាកព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។