រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកឱសានវាទរយៈពេល២សប្តាហ៍ សម្រាប់ស្លាកយីហោជាភាសាបរទេស មិនមានភាសាខ្មែរនៅពីលើ
រដ្ឋបាលសាលារាជធានីភ្នំពេញបានប្រកាសទុកឱសានវាទរយៈពេល២សប្តាហ៍ សម្រាប់ម្ចាស់ អាជីវកម្ម ដែលបានដាក់តាំងស្លាកយីហោជាភាសាបរទេស ដូចជាអក្សអង់គ្លេស ចិន និងកូរ៉េជាដើម ដោយពុំបានដាក់ជាភាសាខ្មែរនៅពីខាងលើ។
ក្នុងកិច្ចប្រជុំស្តីពីការណែនាំ និងការលុបបំបាត់ ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន តាមក្លឹបកម្សាន្ត និងអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃសុក្រកន្លងទៅនេះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីដាក់ឱសានវាទ១៥ថ្ងៃនេះរួចហើយ នឹងចាត់ក្រុមការងារ ចុះពិនិត្យមើលបើរកឃើញម្ចាស់អាជីវកម្មដ្ឋានណាមិនគោរព និងមិនអនុវត្តន៍ទៅតាម កាណែនាំនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការផ្លូវច្បាប់។
គួរបញ្ជាក់ថា កន្លងមកនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសារាចរណែនាំអំពីការដាក់ តាំងស្លាកយីហោអាជីវកម្មដ្ឋាននេះ ប៉ុន្តែនៅតែមានម្ចាស់អាជីវកម្មដ្ឋានមួយចំនួនមិនព្រមគោរពអនុវត្តន៍តាមនៅឡើយ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានកំណត់ឱ្យម្ចាស់អាជីវកម្ម ដ្ឋានទាំងអស់ដើម្បីធ្វើការរុះរើ ហើយបើចង់សរសេរជាភាសាបរទេសត្រូវដាក់ខាងក្រោម ដែលមានទំហំតូច ជាងអក្សរខ្មែរ១ភាគ២ ជាចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។