ក្រសួងបរិស្ថាន បង្ហាញរូបភាពវីដេអូដ៏កម្រ នៃវត្តមានរបស់សត្វត្រយងយក្ស ពីតំបន់ព្រៃទេសភាពភាគខាងកើត
ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការ WWF មានក្តីរំភើបយ៉ាងខ្លាំងដោយកាលពីពីរសប្តាហ៍មុនពួកគេបានប្រទះឃើញសត្វត្រយងយក្សចំនួនបួនក្បាល ក្នុងនោះមានកូនសត្វត្រយងយក្សមួយក្បាលផងដែរ កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

ដោយមានការអត់ធ្មត់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវបានផ្តិតយករូបភាពវីដេអូជាភ័ស្តុតាងដើម្បីបង្ហាញវត្តមានរបស់សត្វបក្សីដ៏អស្ចារ្យមួយប្រភេទនេះ ខណៈពេលនេះជាពាក់កណ្តាលនៃរដូវកាលពងកូនរបស់ពួកវាក្នុងឆ្នាំនេះ។ សត្វត្រយងយក្សជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត។ ខណៈដែលកិច្ចខិតខំការពារនិងអភិរក្សកំពុងបន្តប្រព្រឹត្តទៅនៅក្នុងតំបន់ការពារ ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាចំនួនវាតែប្រាំក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០២០ នៅក្នុងតំបន់ទីជម្រកធម្មជាតិមួយនេះ។
សម្រាប់ការតាមដានស្ថានភាពសត្វបក្សីនាពេលបច្ចុប្បន្ននេះដែរ ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏បានកត់ត្រាទុកនូវវត្តមានសត្វត្រយងយក្សចំនួនបីក្បាលផ្សេងទៀតព្រមទាំងសំបុករបស់ពួកវាមួយចំនួននៅទីតាំងទីជម្រកស្ថិតក្បែរដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។ លទ្ធផលនៃការតាមដានសត្វបក្សីនេះនឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួន បក្សីតំណាងជាតិកម្ពុជាមួយប្រភេទនេះនៅទូទាំងប្រទេស៕
https://www.facebook.com/314699302002531/videos/514655886453337
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។