សត្វ​ត្មាត​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ឈានទៅរក​ការ​ផុត​ពូជ​

បច្ចុប្បន្ននេះ​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ ផុត​ពូជ ខណៈពេលដែល​លទ្ធផល​នៃ​ការអង្កេត​តាមដាន បាន​បង្ហាញថា ចំនួន​របស់​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់​៥០​ភាគរយ​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០០​មក​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ​ជីវិត​បក្សី​អន្តរជាតិ ក្នុងឱកាស​នៃ​ទិវា​យល់ដឹង​ពីស​ត្វ​ត្មាត​អន្តរជាតិ​កាលពី​ថ្ងៃទី​១ កញ្ញា។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា ការធ្លាក់ចុះ​នេះ ត្រូវបាន​កត់សម្គាល់​ជាពិសេស នៅតាម​ព្រៃឈើ​ក្នុង​តំបន់ ការពារ​ទេសភាព​ភាគ​ខាងកើត ដែលជា​ទីតាំង​កាលពី​អតីតកាល ត្រូវបាន​កត់ត្រា​ជា​ទៀងទាត់​ដោយ​រកឃើញ​មាន​ចំនួន​សត្វ​ត្មាត​យ៉ាង​តិ​ត ៣០ ក្បាល​រាល់ពេល​រាប់​ម្តងៗ ប៉ុន្តែ​ពេល​បច្ចុប្បន្ននេះ កំណត់ត្រា​ខ្ពស់បំផុត​ស្ទើរ​មិន​ដល់ ១០ ក្បាល​ផង​។

​ជាមួយគ្នា​ចំពោះ​លទ្ធផល​ជំរឿន​សត្វ​ត្មាត ទូទាំងប្រទេស​ឆ្នាំនេះ​បាន​កត់ត្រា​សត្វ​ត្មាត​បានតែ ១២១ ក្បាល​ប៉ុណ្ណោះ ដែល​នេះ ជា​តួលេខ​ទាប​បំផុត​ក្នុង​កំណត់ត្រា​ចាប់តាំងពី​ឆ្នាំ ២០០៣ មក​។ ហើយ​តាម​ការសិក្សា ក្នុងពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ការបំពុល​គឺជា​កត្តា​គំរាមកំហែង​ចម្បង​ដល់​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​។​

​លោក Simon Mahood ទីប្រឹក្សាបច្ចេកទេស​រប​ស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ថ្លែងថា «​តំបន់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​គឺជា​កន្លែង​តែមួយគត់​នៅក្នុង​ចំណោម​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត ដែល​ភ្ញៀវទេសចរ​អាច​ទ​ស្សនាគ​ម្រោ​ង អាហា​ដ្ឋា​ន​សម្រាប់​សត្វ​ត្មាត​ស្ថិតនៅ​ក្នុងភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​»​។ ប៉ុន្តែ​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំកន្លងមក យ៉ាងហោចណាស់​សត្វ​ត្មាត​ចំនួន ៣០ ក្បាល ត្រូវបាន​សម្លាប់ ដោយសារ​តែមាន​ការរីក​សាយ​ទូទាំងប្រទេស​ក្នុងការ​ប្រើប្រាស់ ថ្នាំពុល និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដោយ ពុំមាន​ការគ្រប់គ្រង​ច្បាស់លាស់​។ កត្តា​នេះ​បាន​បង្ក​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង​បំផុត​ដល់​ប្រជា​សាសន៍ របស់​សត្វ​ត្មាត​នៅក្នុង​កម្ពុជា​ក៏ដូចជា​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។​

​លោក សេង ទៀក ប្រធាន​អង្គការ WWF កម្ពុជា​បាន​ថ្លែងថា «​តួលេខ​ទាប​បំផុត ដែល​បាន​កត់ត្រា ក្នុងឆ្នាំនេះ និង​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ត្មាត​ដល់​ទៅ​៥០​ភាគរយ​គិត ចាប់ពី​ឆ្នាំ​២០០០​មក គឺជា​និន្នាការ គួរឱ្យ​ព្រួយបារម្ភ ហើយ​យើង​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នូល នៃ​ការធ្លាក់ចុះ​នេះ​។ បើ​មិន​ដូច្នោះ​ទេ ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​នេះ​នឹង​ត្រូវផុត​ពូជ​ពី​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​កន្លែង​តែមួយគត់​ដែល​យើង​អាច​មើលឃើញ​ពួកវា​»​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន ៣ ប្រភេទ​គឺ​៖ ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ ប្រភេទ​សត្វ​ត្មាត​ទាំងនេះ​ត្រូវ​បានដាក់​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក អាស្រ័យ​ចំនួន​របស់​ពួកវា​ដែលមាន​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ យ៉ាង​លឿន​បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close