ចិន និងឥណ្ឌាប្រឈមនឹងគ្រោះទឹកជំនន់ សម្លាប់មនុស្សជាច្រើន
ចិន និងឥណ្ឌាប្រឈមនិងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានអ្នកស្លាប់និងបាត់ខ្លួនជាច្រើន ។ អាជ្ញាធរខេត្តហឺណាន (Henan) ដែលស្ថិតនៅភាកណ្តាលនៃប្រទេសចិន បានឱ្យដឹងនៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា ចំនួនមនុស្សស្លាប់បានបន្តកើនឡើងដល់ ៧៣នាក់ហើយ ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់ បានវាយប្រហារខេត្តភាគកណ្ដាលមួយនេះ កាលពីប៉ុន្មានថ្ងៃមុន។
គិតត្រឹមរសៀលថ្ងៃពុធនេះ ប្រជាជនចិនជាង ១៣.៦លាននាក់ នៅក្នុងតំបន់ចំនួន១៥០ បានរងផលប៉ះពាល់ដោយសារគ្រោះជំនន់ ដែលបង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា។ ផ្ទៃដីដំណាំជាង ១០.២លានហិកតា បានរងការខូចខាត ហើយផ្ទះប្រមាណ ៧៨៤,២០០ខ្នង ក៏ត្រូវបានរងការបំផ្លិញបំផ្លាញផងដែរ នៅទូទាំងខេត្តហឺណាន ដែលនាំឱ្យប្រជាជនសរុបចំនួន ១.៤៧លាននាក់ ត្រូវបានជម្លៀសខ្លួនចេញ។
គួរបញ្ជាក់ថា ខណៈនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងកសាងឡើងវិញ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ នៅទូទាំងខេត្ត Henan។ ចំណែកនៅភាគខាងកើតប្រទេសចិន ក៏បានរងការវាយប្រហារពីព្យុះទីហ្វុង អ៉ីនហ្វា ផងដែរ ប៉ុន្តែហាក់មិនសូវទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ និងមានមនុស្សបាត់បង់ជីវិតនោះឡើយ។
ដោយឡែកនៅក្នុងប្រទេសឥណ្ឌា ក៏មាន មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត និងប្រហែល៨នាក់ រងរបួស ព្រមទាំងជាង៤០នាក់ បាត់ខ្លួន ក្រោយបាតុភូត ព្យុះភ្លៀងយ៉ាងខ្លាំងមួយប្រាវ បានវាយប្រហារលើផ្នែកនៃតំបន់កាស្មៀរ ដែលស្ថិតនៅខាងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។
អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា បាតុភូតគ្រោះធម្មជាតិខាងលើ ទើបតែបានកើតឡើង កាលពីវេលាទាបភ្លឺថ្ងៃពុធនេះតែម្តង នៅស្រុក គីសវ្វ៉ា (Kishtaw) នៃតំបន់ការស្មៀរ ដោយទឹកជំនន់បានលេចឡើង ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុក។ ក្រៅពីមនុស្សរងគ្រោះថ្នាក់ លំនៅឋានចំនួនប្រមាណ៦ខ្នង និងដេប៉ូស្តុកស្បៀងធំមួយកន្លែង ក៏បានរងការខូចខាតផងដែរ។
គួរបញ្ជាក់ថា កម្លាំងប៉ូលិសនិងក្រុមសង្គ្រោះប្រចាំមូលដ្ឋាន ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីជួយប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ និងស្វែងរកជនដែលបាត់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។