សៀវភៅបោះពុម្ភរបស់អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ត្រូវបានដកហូតនៅខណ្ឌទួលគោក
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះដកហូតសៀវភៅ ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិជាតិ ដែលបានបោះពុម្ពផ្សាយ និងដាក់លក់ចែកចាយនៅតាមតូបលក់សៀវភៅ។
យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដែលសៀវភៅខុសច្បាប់ទាំងអស់នេះ មានដាក់លក់នៅតូបលក់កាសែត ជាប់របងវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
បើតាមរបាយការណ៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចដកហូតបានសៀវភៅចំនួន២១ក្បាល ពីម្ចាស់តូបឈ្មោះ ជុំ សុផល្លារ អាយុ៦១ឆ្នាំ ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបន្ថែមថា សៀវភៅនេះគឺបោះពុម្ពខុសច្បាប់ គ្មានការចុះបញ្ជី មានចំណងជើងថា ចក្ខុវិស័យក្នុងការផ្សះផ្សាជាតិ និងការរៀបចំសង្គមជាតិ ដែលរៀបរៀងបោះពុម្ពដោយលោក យ៉ែម បុញ្ញឫទ្ធិ។
រហូតមកដល់ពេលនេះ គេមិនទាន់បានបញ្ជាក់បន្ថែមថា សៀវភៅនេះ ពិតជាបោះពុម្ភខុសច្បាប់ឬ បែបណានៅឡើយ ដោយគ្រាន់តែរក្សារទុកមិនឲ្យចែកចាយបន្ត ចំណែកម្ចាស់ស្នាដៃហាក់ដូចជាស្ងាត់គ្មានចេញមកបកស្រាយឡើយ ដោយរក្សាភាពស្ងៀមស្ងាត់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។