សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ដល់​ថវិកា ១០​លាន​រៀល​ទៀត ជូនអ្នក​ចាក់​វ៉ាក់សាំង​ទី​៧​លាន​នាក់ នៅ​ខេត្តសៀមរាប

​ខេត្តសៀមរាប​៖ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ៖ តាមរយៈ​ការខិតខំ​របស់​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ការចូលរួម​របស់​ប្រជាជន មកដល់​ថ្ងៃនេះ​យើង​សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ បាន​៧​លាន​នាក់ ស្មើនឹង​៧០​ភាគរយ នៃ​ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន​១០​លាន​នាក់​។​

​សូម​អបអរសាទរ​ចំពោះ​លោកយាយ ចាន់ ឃីម រស់នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​៧​លាន​។​ ​លោកជំទាវ ឱ វណ្ណឌី​ន នឹង​នាំយក​ថវិកា​ចំនួន​១០​លាន​រៀល និង​សម្ភារៈ​ផ្សេងទៀត​ទៅជូន​ដោយផ្ទាល់ និង​សូម​ជូនពរ​លោកយាយ​សូម​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន ។​

​ជាមួយនឹង​ការប្រកាស​ផ្ដល់​ថវិកា​ចំនួន​១០​លាន​រៀល​និង​សម្ភារ​ផ្សេងទៀត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជូន​ចំពោះ​លោកយាយ ចាន់ ឃីម ដែលជា​ជន​ចាក់​វ៉ាក់សាំង​ទី​៧​លាន​នាក់​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់​ឯកឧត្ដម​ផ្ទាល់ បាន​ថ្លែងអំណរគុណ សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល និង​សម្ភារៈ​ផ្សេងទៀត តាមរយៈ​លោកជំទាវ ឱ វណ្ណឌី​ន ជូន​លោកយាយ​ចាន់ ឃីម រស់នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​៧​លាន​។

​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោកយាយ​ចាន់ ឃីម ដែល​បាន​ស្ម័គ្រចិត្ត​ទទួលបាន​ការចាក់​វ៉ាក់សាំង និង​សូម​ជូនពរ​លោកយាយ​សូម​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន​ជៀស​ផុតពី​ជំងឺ​ទាំងពួង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close