ហួសចិត្ត! មេឃុំបត់ត្រង់ ចុះកិច្ចព្រមព្រៀងជាមួយក្រុមម៉ាស៊ីនច្រូតស្រូវផ្តាច់មុខ មិនឲ្យម៉ាស៊ីនផ្សេងដែលយកឈ្នួលថោកចុះច្រូតស្រូវប្រជាពលរដ្ឋ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ បានសម្តែងការត្អូញត្អែរ និងរិះគន់មេឃុំរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូតស្រូវផ្សេង ដែលយកឈ្នួលថោកចុះមកច្រូតស្រូវឡើង ដោយទុកឲ្យក្រុមម៉ាស៊ីនច្រូតស្រូវដែលចុះកិច្ចព្រមព្រៀងជាមួយមេឃុំចុះច្រូតតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋថា ការធ្វើស្រូវបច្ចុប្បន្ននេះមិនជាចំណេញប៉ុន្មានទេ ហើយនៅពេលដែលមានម៉ាស៊ីនច្រូតស្រូវដែលគេយកតម្លៃថោកចុះមកច្រូតនោះ គឺអាជ្ញាធរឃុំបានរារាំង ដោយតម្រូវឲ្យម៉ាស៊ីនច្រូតផ្សេងនោះតម្លើងថ្លៃឲ្យដូចនឹងក្រុមម៉ាស៊ីនច្រូតស្រូវដែលចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរឃុំ គឺ២១០០បាត ក្នុងមួយហិកតា ទើបបានអាជ្ញាធរអនុញ្ញាតឲ្យចុះច្រូត ព្រោះតែខ្លាចធ្លាក់ថ្លៃហាងឆេងច្រូតស្រូវ។
បើយោងលិខិតសរសេរដៃកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដែលសារព័ត៌មានទទួលបាន បានបញ្ជាក់ថា «យើងខ្ញុំជាម្ចាស់ម៉ាស៊ីនច្រូតនិងតំណាងម៉ាស៊ីនច្រូតស្រូវនៅក្នុងឃុំបត់ត្រង់ មាន១/ឈ្មោះ សរ ប៉ូលីន ភេទប្រុស ។ ២/ឈ្មោះ ម៉ាន់ ទី ភេទប្រុស ។ ៣/ ឈ្មោះ បូ ផល ភេទប្រុស និង៤/ឈ្មោះ ព្រំ វុន ភេទប្រុស និងលោក សៃ ឡៅ មេឃុំបត់ត្រង់ បានព្រមព្រៀងច្រូតស្រូវអោយប្រជាពលរដ្ឋក្នុងឃុំនេះចំនួន (២.១០០បាត) ក្នុងមួយហិចតានិងស្នើសុំ១០០បាត/មួយហិចតា ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ ប្រសិនបើម្ចាស់ម៉ាស៊ីនច្រូតប្រព្រឹត្តខុសពីកិច្ចព្រមព្រៀង ត្រូវទទួលខុសត្រូវចំពោះអាជ្ញាធរឃុំ »។
ក្រោយបែកធ្លាយលិខិតនេះ មានមតិចម្រុះមួយចំនួនបានធ្វើការរិះគន់ថា ទំនងជាលោកមេឃុំមានខ្សែម៉ាស៊ីនច្រូតឬទទួលលាភក្នុងនោះ ទើបលោកហ៊ានធ្វើកិច្ចសន្យាបែបនេះ ហើយថា បើមានមេឃុំម៉ាកៗនេះ ប្រជាពលរដ្ឋចាំតែជូតទឹកភ្នែកទៅ។
ចំពោះករណីនេះ លោក ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានថ្លែងថា រឿងនេះរដ្ឋបាលស្រុកបានធ្វើការស្តីបន្ទោស និងបានណែនាំឲ្យម្ចាស់ម៉ាស៊ីនច្រូតស្រូវ និងលោកមេឃុំបត់ត្រង់នោះ និរាសករណ៍ ឬរំលាយលិខិតកិច្ចព្រមព្រៀង នោះហើយ។
លោកថា ថ្លៃថ្នូរលក់ដូរឬសេវានានាផ្នែកឯកជន គឺស្ថិតលើទីផ្សារ(ហាងឆេង) មិនអាចទៅកំណត់ថ្លៃក្នុងកិច្ចព្រមព្រៀងឬផែនការអីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។