មនុស្សជិត ១០០នាក់ទៀត បន្តរកឃើញមានវិជ្ជមានកូវីដ-១៩ ខណៈមានស្លាប់ម្នាក់ ខេត្តសៀមរាប
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៣នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤ ដល់ទី៦ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ។ ក្នុងនោះ ករណីទី៧ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តឧត្ដរមានជ័យ។ ជាមួយគ្នានេះ ករណីទី១៦ ដល់ទី៣៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៣៦ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
អ្នកជាសះស្បើយទាំង២៣នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សម្រាប់ករណីស្លាប់ម្នាក់ ស្ត្រី អាយុ៥៣ អាសយដ្ឋាននៅភូមិគោកថ្មី ឃុំតាសោម ស្រុកអង្គរជុំ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២១៩នាក់ បានព្យាបាលជាសះស្បើយចំនួន២១៥៨នាក់ ស្លាប់៤៦នាក់ និង២០១៥នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។