មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ វីរុសបំប្លែងថ្មី Delta ឆ្លងចូលសហគមន៍ខ្លះៗហើយ
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសនាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីមុនគេបានរកឃើញមេរោគកូវីដ១៩ប្រភេទដែលតា ក្នុងចំណោមពលករ ដែលធ្វើដំណើរឆ្លងចូលតាមច្រកព្រំដែន កម្ពុជា-ថៃ និងតាមផ្លូវ អាកាស, ប៉ុន្តែនៅក្នុងបរិបទថ្មីៗនេះ គេបានរកឃើញវីរុសនោះ បោះជំហានឆ្លងចូលសហគមន៍ខ្លះរួចទៅហើយ ដែលបានឆ្លងពីពលករទៅបុគ្គលដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះវិហារ។
លោកជំទាវបន្តថា ដោយផ្អែកតាមស្ថានភាពនេះ ប្រមុខរាជរដ្ឋាភិបាល បានចេញនូវសារាចរណែនាំ ទៅដល់អភិបាលរាជធានី-ខេត្ត បង្កើនការត្រួតពិនិត្យសុខភាពពលករដែលវិលត្រឡប់ចូលកម្ពុជា រួមជាមួយនឹងវិធានការបិទខ្ទប់នៅ តាមភូមិសាស្រ្តខេត្តមួយចំនួន ដើម្បីកុំឱ្យវីរុសពពួកដែលតានេះ មានលទ្ធភាពចម្លងទៅភូមិសាស្រ្តដ៏ទៃ ទៀត តាមរយៈការធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសការអនុវត្តន៍វិធានសុខាភិបាល «៣ការពារ និង៣កុំ» ហើយបើគ្មានការចាំបាច់សូមកុំធ្វើដំណើរ ចល័ត ពីកន្លែងមួយទៅកន្លែងមួយទៀត។
«វីរុសដែលតានេះបានបោះជំហានចូលទៅក្នុងសហគមន៍ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃខេត្តទាំងនេះ អ៊ីចឹងអ្វីជាការសំខាន់ ព្រោះឥឡូវនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្នុងភូមិសាស្រ្តខេត្ត មួយចំនួន។ ហើយការបិទខ្ទប់នេះមានន័យថាគឺយើងទប់កុំឱ្យវីរុសនេះ មានលទ្ធភាពចេញពីទីតាំងហ្នឹងទៅកាន់ទីតាំងមួយទៀត ពីព្រោះកាលណាយើងមិនគិតឱ្យបានលឿនមិនបានទាន់ពេលវេលាទេ វីរុសនេះនឹងដើរទៅទៀត ហើយការចម្លងវីរុសនេះដើរទៅតាមណា គឺមិនមែនវានេះដើរខ្លួនឯងនោះទេ គឺវាទៅតាមបុគ្គល ដែលគាត់ចល័តពីកន្លែងមួយទៅកន្លែងមួយ។ ដូច្នេះបានជាក្នុងដំណាក់កាលនៃការរាតត្បាតនៅក្នុងសហគមន៍ ទោះបីជាការឆ្លងវីរុសដែលតានេះមិនទាន់ទូលំទូលាយទូទាំងខេត្តក៏ពិតមែន តែដោយលទ្ធផលនៃមន្ទីរពិសោធន៍ ដែលយើងបានធ្វើវត្ថុសំណាក គឺនៅច្រើនណាស់ដែលមិនទាន់ចេញ លទ្ធផល នោះការចម្លងរវីរុសបំប្លែងថ្មីនេះ នឹងរីករាលដាលកាន់តែធំ»។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា B.1617-2 ចំនួន៣៩នាក់ រួមមានអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនចំនួន២១នាក់ បុគ្គលិកសុខាភិបាល៤នាក់ ពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់៦នាក់ និងពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់៨នាក់ ដែលជាករណីឆ្លងសហគមន៍លើកដំបូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។