ស្ត្រី​ម្នាក់​តូចចិត្ត​គ្មាន​លុយ​ចិញ្ចឹម​កូន បីកូន​ចូល​រថយន្ត​និង​ម៉ូតូ ប៉ង​សម្លាប់ខ្លួន ឯ​ប្តី​ចេញទៅ​ធ្វើ​កម្មករ​មិន​ព្រម​មក​ផ្ទះ​

ស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​នៅតាម​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ដេប៉ូ​ឈើ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដោយសា​ស្ត្រី​ម្នាក់​បាន​តូចចិត្ត​ព្រោះ​គ្មាន​លុយ​ចិញ្ចឹម​កូនស្រី​ដែល​ទើបនឹង​កើតមាន​អាយុ​បាន​៣​ខែ ខណៈដែល​ប្តី​ចេញទៅ​ធ្វើ​កម្មករ​លីសែង​នៅ​កន្លែង​លក់​ឈើ​និង​គ្រឿងសំណង់​មួយ ហើយ​មិន​ព្រម​មក​ផ្ទះ​យកលុយ​ចិញ្ចឹម​កូន​ដាច់ចិត្ត​ពរ​កូន​មក​តាម​ប្តី​យំ​បោក​ខ្លួន​រត់​ចូល​រថយន្ត​និង​ម៉ូតូ​គេ​ប៉ង​សម្លាប់ខ្លួន ព្រោះតែ​ខឹង​ប្តី​មិន​ទៅផ្ទះ​។​

ករណី​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។​

បើតាម​ស្ត្រី​គិត​ខ្លី​ប៉ង​សម្លាប់ខ្លួន​ខាងលើនេះ​បានអោយដឹងថា រូបគេ​មានឈ្មោះ​សូ​មុំ រស់នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុងភូមិ​សំបួរ​ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ត្រូវបាន​ម្តាយ​ឪពុក​បង្កើត​បងប្អូន​កាត់កាល​ចោល ព្រោះតែ​ស្រឡាញ់​ប្តី​ដែល​ឪពុកម្តាយ​មិន​ពេញចិត្ត ហើយក៏​សម្រេចចិត្តរ​ត់ទៅ​រៀបការ​ខាង​ប្តី​បាន​ជាង​១​ឆ្នាំ​មកនេះ ជាប់​ជា​ចំណងដៃ​កូនស្រី​មួយ​ដែល​ទើបតែ​មាន​អាយុ​៣​ខែ ខណៈដែល​ប្តី​ចេញទៅ​ធ្វើជា​កម្មករ​លីសែង​នៅក្នុង​ដេប៉ូ​ឈើ​មួយកន្លែង​ក្នុងភូមិ​ស​ម្ភ័​រ​ឃុំ​សំបួរ​ដើម្បី​រកថ​វិការ​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ តែ​ក្តីសង្ឃឹម​បាន​ប្រែជា​រលាយ​សាបសូន្យ​ដោយ​ចាប់តាំងពី​ប្តី​ខ្លួន​មក​ធ្វើការ​ជា​កម្មករ​នៅ​កន្លែង​ដេប៉ូ​ឈើ​នេះ​មិនដែល​ទៅផ្ទះ​វិញ​ទេ ហើយ​លុយកាក់​ក៏​មិនឃើញ​ផ្ញើរ​អោយ​ដែរ ធ្វើអោយ​ជីវភាព​ក្នុង​គ្រួសារ​រស់នៅក្នុង​ខ្ទម​កំសត់​សូម្បីតែ​ភ្លើង​ក៏​គ្មាន​ប្រើ​ផង ផ្ទះ​ងងឹត​សូន្យសុង​លឺ​តែ​សំឡេង​កង្កែប​ចង្រិត​យំ​ពេល​រាត្រី​សុខចិត្ត​យំ​អោប​កូនខ្ចី​ស្រណោះ​ខ្លួន​រត់តាម​ប្តី តែ​ប្តី​មិន​នៅ​ជួបជុំ ជីវិត​ហាក់បីដូច​អស់សង្ឃឹម​ចង់តែ​ស្លាប់​ដើម្បី​ផុត​ទុក្ខ​ដ៏​មហា​សែន​លំបាក​មួយ​នេះ​។​

ត្រី​អភ័ព្វ​ខាងលើ​បាន​បន្តទៀតថា ៖ ពេល​ដាំបាយ​គ្មាន​អង្ករ​ច្រក​ឆ្នាំងរ​ត់ទៅ​ខ្ចី​អង្ករ​អ្នកជិតខាង សង្ឃឹម​លុយ​ប្តី​តែ​មិនឃើញ​ប្តី​មក​ក៏​សម្រេចចិត្ត​ជួល​ម៉ូតូឌុប​ជិះ​មក​តាម​ប្តី​ដើម្បី​បាន​លុយ​ខ្លះ អ្វី​មិន​ដូច​បំណងប្រាថ្នា​ទាល់តែសោះ ខណៈ​មកជួប​មុខ​ប្តី​បែរជា​ប្តី​មិន​ព្រម​ទៅផ្ទះ ហើយ​ចង់​ចែកផ្លូវ​ទៅទៀត តើ​អោយ​ស្ត្រី​ណា​មិន​ឈឺចិត្ត​ទើប​រូបនាង​សម្រេច​រត់​ចូល​រថយន្ត​និង​ម៉ូតូ​គេ​ដើម្បី​បញ្ចប់ជីវិត​ដ៏​ស្មុកស្មាញ​មួយ​នេះ​។​

ស្រីមុំ​បាន​រៀបរាប់​ទាំង​ទ្រហោយំ​ទៀតថា ៖ ប្តី​ខ្លួន​មានឈ្មោះ​យស់​កាន​អាយុ​២៦​ឆ្នាំ ជា​អ្នកភូមិ​ជាមួយគ្នា​ចាប់​តាំង​រៀបការ​ជាមួយគ្នា​បាន​ជាង​មួយឆ្នាំ​មកនេះ​ពុំដែល​វាយតប់​នាង​ទេ ហើយ​កាលពី​មិនទាន់​មក​ធ្វើការ​កន្លែង​លក់​ឈើ​នេះ​គេ​មាន​មុខរបរ​ដើរ​តាម​ឡាន​ដឹក​ឥដ្ឋ ហើយ​បានមក​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​រាល់ថ្ងៃ​និង​បាន​លុយ​ចូល​ផ្ទះ​ខ្លះ តែ​ចាប់​តាំង​ប្តី​ខ្លួន​មាន​មិត្តភក្តិ​ធ្វើការ​នៅ​ដេប៉ូ​ឈើ​នេះ​បាន​អូសទាញ​ប្តី​អោយមកធ្វើ​ការមិន​ទៅផ្ទះ​វិញ​ទេ ធ្វើអោយ​នាង​កំព្រា​រងារ​រស់នៅ​តែ​ពី​នាក់​ម្តាយកូន​យ៉ាង​វេទនា​ជា​ពន់ពេក​។​

ពាក់ព័ន្ធ​និង​ករណី​នេះដែរ បើតាម​ឈ្មោះ យស់ កាន ត្រូវជា​ប្តី​របស់​នារី​គិត​ខ្លី​បាន​បញ្ជាក់ថា ៖ ខ្លួន​មិនបាន​រត់ចោល​ប្រពន្ធ​កូន​ទេ ដោយសារ​ជីវភាព​ខ្វះខាត​ចេញពីផ្ទះ​មក​ធ្វើ​កម្មករ​លីសែង​អោយគេ​នៅ​ដេប៉ូ​ឈើ​ខាងលើនេះ គ្រាន់តែ​មិនបាន​ទៅផ្ទះ ព្រោះ​រវល់​ទៅតាម​រថយន្ត​ដឹក​ឥ​វ៉ាន់​មកវិញ​យប់ មិនបាន​ទៅផ្ទះ​វិញ​តែប៉ុណ្ណោះ ហើយក៏​មិនបាន​លែងលះគ្នា​ដែរ​។​

​ក្រោយពី​មាន​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​នេះ ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​សាកសួរ​និង​ធ្វើការ​អប់រំ​កុំអោយ​ស្ត្រី​គិត​ខ្លី​នេះ​ធ្វើអំពើ​ឆោតល្ងង់​បែបនេះ​តទៅទៀត និង​ត្រូវ​ចេះ​ស្រឡាញ់​គ្រួសារ​ជាពិសេស​កូន​ដែល​នៅ​តូច​មិន​ដឹងអី ហើយ​មក​រងគ្រោះ​ដោយសារ​ម្តាយ​គិត​ខ្លី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close