អាជ្ញាធរ​មីន​ បង្ហាញ​ពី​ការស្រាវជ្រាវ​គ្រាប់បែក​ចង្កោម​ នៅកម្ពុជា

ភ្នំពេញ​៖ ការស្រាវជ្រាវ​សំណល់​គ្រាប់បែក​ចង្កោម គឺជា​វិធីសាស្ត្រ​រួមបញ្ចូល​គ្នា​រវាង​ការស្រាវជ្រាវ​មិន​បច្ចេកទេស និង​ការស្រាវជ្រាវ​បច្ចេកទេស ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​គ្រាប់បែក​ចង្កោម​នៅក្នុង​ប្រទេស​កម្ពុជា​។ គោលបំណង​នៃ​ការស្រាវជ្រាវ​សំណល់​គ្រាប់បែក​ចង្កោម គឺ​ដើម្បី​កំណត់​រក​ទីតាំង គូស​ផែនទី និង​កំណត់​តំបន់​ដែលមាន​គ្រាប់បែក​ចង្កោម​។

​នៅក្នុង​ប្រទេស​កម្ពុជា គ្រាប់បែក​ចង្កោម​មិនមាន​កម្រិត​គំរាមកំហែង​ដូច​គ្រាប់មីន​ទេ ហើយ​គ្រាប់មីន​ជាធម្មតា​អាច​ផ្ទុះ​នៅពេលដែល​ទទួលរង​ទម្ងន់​ពី​មនុស្ស សត្វ ឬ​យានយន្ត ប៉ុន្តែ​គ្រាប់បែក​ចង្កោម​ក៏​អាច​បង្ក​ការគំរាមកំហែង​ប្រសិនបើ​ត្រូវ​ទទួលរង​កំដៅ​ខ្លាំង (​ឧទាហរណ៍​: ការដុត​) ឬ​ត្រូវបាន​វាយដំ​ដោយ​វត្ថុ​រឹង ដូចជា ចបកាប់ ឬ គ្រាប់បែក​ចង្កោម​នោះ​ត្រូវបាន​កែច្នៃ​ដោយ​បុគ្គល​ដែល​មិនមាន​ជំនាញ​។

​ចំពោះ​កុមារ គ្រាប់បែក​ចង្កោម​អាចមាន​ការគំរាមកំហែង​ខ្លាំង​ជាង​គ្រាប់មីន ព្រោះ​វា​មាន​រូបរាង​តូច​អាច​មើលឃើញ​នៅលើ​ផ្ទៃដី ដែលមាន​ភាព​ទាក់ទាញ​ឲ្យ​កុមារ​រើសយក​មកលេង​។

​ការអនុវត្ត​ការស្រាវជ្រាវ​សំណល់​គ្រាប់បែក​ចង្កោម​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​បោសសម្អាត ដោយ​ប្រើប្រាស់​ពេលវេលា​សមស្រប និង​ធនធាន​តិចតួច​។ នៅក្នុង​ប្រទេស​កម្ពុជា​យើង ខេត្ត​ដែល​សំបូរ​គ្រាប់បែក​ចង្កោម រួមមាន ខេត្ត​រតន​:​គី​រី មណ្ឌល​គី​រី ក្រចេះ ស្ទឹងត្រែង កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close