ថៃ ពន្យារពេល​បិទ​ខ្ទប់ និង​បំរាម​គោចរ ២​សប្តាហ៍​បន្ថែមទៀត​

​ថៃ​៖ រដ្ឋាភិបាល​ថៃ​បានសម្រេច​ពន្យារពេល​បិទ​ខ្ទប់ និង​វិធានការ​រឹតបន្តឹង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​រយៈពេល​ពីរ​សប្តាហ៍​ទៀត ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​អង្គារ ទី​៣ ខែសីហា​នេះ​តទៅ នៅក្នុង​រាជធានី និង​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​ដែលមាន​ហានិភ័យ​ខ្ពស់ ខណៈដែល​ប្រទេស​នេះ​កំពុង​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ដ៏​អាក្រក់​បំផុត​របស់ខ្លួន ។​

​ជំនួយការ​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩​ថៃ (CCSA) លោកស្រី Apisamai Srirangson បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា បម្រាម​គោល​ចរ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៤​ព្រឹក ហើយ​វិធានការណ៍​រឹតបន្តឹង​ផ្សេងទៀត​នឹងត្រូវ​ដាក់​ទៅលើ​ទីក្រុង​បាងកក និង​២៨​ខេត្ត​ផ្សេងទៀត​រយៈពេល​ពីរ​សប្តាហ៍ ពោលគឺ​ចាប់ផ្តើម​ពីថ្ងៃ​ស្អែក​នេះ​តទៅ ។

​សូម​រំលឹក​ផងដែរ​ថា ទីក្រុង​បាងកក និង​បណ្តា​ខេត្ត​នៅ​ជុំវិញ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​រយៈពេល​៣​សប្តាហ៍​រួចមកហើយ ។ ការ​រឹតត្បិត​បន្ថែម​លើ​ការធ្វើដំណើរ និង​បម្រាម​គោចរ​ពេលយប់​ត្រូវបាន​អនុវត្ត​កាន់តែ​តឹងតែង ដោយ​ផ្សារ និង​ហាង​លក់ទំនិញ​ភាគច្រើន​ត្រូវ​បិទទ្វារ លើកលែង​ផ្សារ​ទំនើប​ធំៗ និង​ឱសថស្ថាន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close