ក្រសួងបរិស្ថាន បន្ត​គាំទ្រ​និង​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​

​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សំណល់​រឹង​សំរាម​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែមទៀត ក្រសួងបរិស្ថាន​បាន​បន្ត​គាំទ្រ​រដ្ឋបាល​មូលដ្ឋាន​តាមរយៈ​ការបំពាក់​សម្ភារៈ និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដើម្បី​ឈានឆ្ពោះ​ទៅរក ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​។

​

​រហូតមកទល់​បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាន​បំពាក់​ឡ​ដុត​សំរាម​សំណល់​រឹង​ចំនួន ៥០ គ្រឿង​ទៅដល់ ២១ រាជធានី​-​ខេត្ត (៤៩​ស្រុក​)​។ ការបំពាក់​ឡ​ដុត​សំរាម​សំណល់​រឹង​នេះ ជា​វិធានការ​បន្ទាន់​ចំពោះមុខ រីឯ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​តាម​លក្ខណ​បច្ចេកទេស ដែលមាន​ធុង​ដាក់​សំរាម​ត្រឹមត្រូវ​មធ្យោបាយ​ដឹក​សំរាម​គ្រប់គ្រាន់ និង​ទីលាន​ចាក់សំរាម​តាម​ខ្នាត​បច្ចេកទេស ទើប​ជា​វិធានការ​ជា​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​។​

​ក្នុង​ក្របខណ្ឌ​នេះ ក្រសួងបរិស្ថាន​បានផ្តល់​៖ ១)​រថយន្ត​ដឹក​សំរាម​ចំនួន​១៧​គ្រឿង ជូនទៅ​ខេត្ត​ចំនួន​៩ (១៥​ក្រុង​-​ស្រុក​)​។ ២)​ម៉ូតូ​កង់​បី​ដឹក​សំរាម ចំនួន​១១៨​គ្រឿង ជូនទៅ​ខេត្ត​ចំនួន​២១ (៥៤​ក្រុង​-​ស្រុក​)​។ ៣) គ្រឿងចក្រ​ចូក​សំរាម «​សា​ស័​រ​» ចំនួន​២​គ្រឿង ជូនទៅ​ខេត្ត​ព្រះសីហនុ​។ ៤) ធុងសំរាម​ខ្នាត​ធំ (៥-១១​តោន​) ចំនួន​៦៨​ធុង ជូនទៅ​ខេត្ត​ចំនួន​៨​។ ៥) ធុង​ញែក​សំរាម ចំនួន​៥០០​ធុង ជូនទៅ​សួន​សាធារណៈ វិមាន​ឈ្នះ​ឈ្នះ បុរី​ប៉េង​ហួត និង​សាលារៀន​។ ៦) ធុង​ចម្រោះ​ទឹកស្អាត ចំនួន​៩១​ធុង ជូនទៅ​ខេត្ត​ចំនួន​៥ (១៥​ក្រុង​-​ស្រុក​) និង​សាលារៀន​។ ៧) កញ្ចប់​សម្អាត​សំរាម ក្នុង​ក្របខណ្ឌ​គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​ដ​ល់​ការអភិវឌ្ឍ​ដោយ​និរន្តរភាព ជូនទៅ​២៥​រាជធានី​-​ខេត្ត (​មាន​ធុង​ចម្រោះ​ទឹកស្អាត​៥០ និង​ធុងសំរាម​៣០០)​។ ៨) វគ្គ​បណ្តុះបណ្តាល ចំនួន​៣​វគ្គ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​
​ជាមួយគ្នានេះ ក្រសួងបរិស្ថាន​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី​មូលដ្ឋាន​ដោយ​៖ ១) ផ្តល់​លទ្ធភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង នៅតាម​មូលដ្ឋាន​សា​ម៉ី​។ ២)​ពង្រឹងសមត្ថភាព​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គ្រប់គ្រង​សំរាម​សំណល់​រឹង នៅតាម​មូលដ្ឋាន​សា​ម៉ី ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ៣) លើកកម្ពស់​គុណភាព​បរិស្ថាន ដើម្បី​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ប្រកបដោយ​និរន្តរភាព​។​

​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​ក្រសួងបរិស្ថាន​កន្លងមក យើង​សង្កេតឃើញថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន​៤ បាននិងកំពុង​អនុវត្ត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន បាន​យ៉ាង​ល្អប្រសើរ រួមមាន​៖ ស្រុក​បន្ទាយស្រី​(​ខេត្តសៀមរាប​) ក្រុង​ព្រៃវែង​និង​ស្រុក​ស្វាយ​អ​ន្ទ​រ​(​ខេត្តព្រៃវែង​) និង​ស្រុក​អូររាំងឪ​(​ខេត្ត​ត្បូងឃ្មុំ​)​។ ទន្ទឹមនឹង​នេះដែរ​មាន ក្រុងព្រះសីហនុ​និង​ស្រុក​ព្រៃនប់​(​ខេត្ត​ព្រះសីហនុ​) ស្រុក​អន្លង់វែង​(​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) ស្រុក​ស្នួល​(​ខេត្តក្រចេះ​) និង​ស្រុក​ពេ​ជ្រា​ដា​(​ខេត្ត​មណ្ឌល​គី​រី​) កំពុង​ឈានឆ្ពោះ​ទៅរក​ការ គ្រប់គ្រង​សំរាម​សំណល់​រឹង ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងពេល​អនាគត​ខាងមុខ​។​

​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ញែក​សំរាម​តាម​ប្រភេទ ជៀសវាង​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​ផាសុកភាព​សង្គម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close