ក្រុមអ្នកស្រាវជ្រាវ វ៉ាក់សាំងចិនមានប្រសិទ្ធភាពប្រឆាំង កូវីដបម្លែងថ្មី Delta
លោក Feng Zijian អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៃប្រទេសចិន (China CDC) បាននិយាយថា «ការសិក្សាស្រាវជ្រាវ បានបង្ហាញថា វីរុស COVID-19 បម្លែងខ្លួនថ្មី Delta ប្រហែលអាចកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ប៉ុន្តែវ៉ាក់សាំងដែលកំពុងចាក់នៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្ននេះ នៅតែអាចមានប្រសិទ្ធភាពប្រឆាំងវីរុសនេះបានយ៉ាងល្អ»។
សារព័ត៌មានចិន China Daily បានផ្សាយថ្ងៃចន្ទនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលកំពុងប្រើនៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្ននេះ នៅតែបន្តបង្ហាញពីប្រសិទ្ធភាពដ៏ល្អប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។
លោក Shao Yiming អ្នកស្រាវជ្រាវម្នាក់ទៀតនៅមជ្ឈមណ្ឌលខាងលើ បាននិយាយថា «ទោះបីជាគ្មានវ៉ាក់សាំងណា អាចការពារប្រឆាំងនឹងវីរុសនេះបាន ១០០ភាគរយក៏ដោយ ក៏វីរុស COVID-19 បម្លែងខ្លួនថ្មីនានា នៅតែអាចគ្រប់គ្រងបាន ដោយវ៉ាក់សាំងដែលមានស្រាប់ នៅនាពេលបច្ចុប្បន្ននេះដែរ»។
លោក Shao Yiming បានកត់សម្គាល់បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវ បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុករបស់ប្រទេសចិន អាចកាត់បន្ថយអត្រានៃការចូលសម្រាកនៅមន្ទីរពេទ្យ ការធ្លាក់ខ្លួនឈឺធ្ងន់ និងការស្លាប់បានយ៉ាងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,១០៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧,៣៧៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។