៧ខែ ឆ្នាំនេះ! កម្ពុជា នាំចេញអង្ករជាង ៣០តោន ថយចុះជាង ២៧ភាគរយ
ភ្នំពេញ៖ យោងតាមរបាយការណ៍ឲ្យដឹងពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញអង្ករមានបរិមាណ ៣០៩. ៨៦៥តោន ថយចុះប្រមាណ ២៧,២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ទិន្នន័យដែលបង្ហាញនេះ បានឱ្យដឹងទៀតថា ក្នុងនោះការនាំចេញអង្ករ ក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន ២៩.៤១៥តោន កើនឡើង ៣,៥៣% បើធៀបនឹងខែកក្កដា ឆ្នាំ២០២០។
អង្ករកម្ពុជា បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៧៧.៧៨៦តោន គឺថយចុះចំនួន៤៦,០៧% ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ១៥៣.៩២១តោន គឺថយចុះចំនួន០,៩១% ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៩.៤៥៣តោន គឺថយចុះចំនួន ៤៨,៣៩% និងទិសដៅដទៃទៀតចំនួន ២២ប្រទេស មានបរិមាណសរុប ៤៨.៧០៥តោន គឺថយចុះចំនួន ២៩,៨៦%។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៨ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២២៤.៩៥២តោន (៧២,៦០%) និងក្រុមហ៊ុន ៤៨ដទៃទៀតបាននាំចេញត្រឹមតែ ៨៤.៩១៣តោន (២៧,៤០%)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។